ចិនលះបង់វិស័យអលចទ្រព្យ ហើយងាកទៅរកឧស្សាហកម្ម High-Tech ដើម្បីកំណើននិរន្តរភាព
វិបត្តិទីផ្សារអចលនទ្រព្យអាចទំលាក់កំណើនសេដ្ឋកិច្ចចិនដល់ក្រោម ៥% នៅឆ្នាំ ២០២២
កំណើនសេដ្ឋកិច្ចប្រទេសចិន ត្រូវបានព្យាករថានឹងធ្លាក់ដល់ក្រោម ៥% នៅឆ្នាំ ២០២២ ដែលជាកំណើនទាបបំផុតដែលមិនធ្លាប់មានតាំងពីទសវត្សរ៍ឆ្នាំ ៩០។ អ្នកវិភាគថា ការថមថយនៃកំណើននេះ គឺដោយសារមហាអំណាចចិន មានទិសដៅវែងឆ្ងាយ ដោយមិនចង់ពឹងផ្អែកលើវិស័យអចលនទ្រព្យខ្លាំងដូចមុនទៀតទោះទេ។
បើយោងតាមសារព័ត៌មាន Al Jazeera ដោយសារតែវិបត្តិកំណើនលើសតម្រូវការ និងវិធានការរឹតបន្ដឹងរបស់ចិនលើវិស័យអចលនទ្រព្យ ទើបធ្វើឱ្យអ្នកវិភាគធំៗដូចជា Goldman Sachs Group Inc., Nomura Holdings Inc. និង Barclays Plc បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចយ៉ាងគំហុកនេះ។
លោក Rob Subbaraman ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Nomura Holdings Inc. បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចចិនអាចមានត្រឹម ៤,៣% ប៉ុណ្ណោះ នៅឆ្នាំក្រោយ ដែលជាការធ្លាក់ខ្លាំង បើធៀបនឹងកំណើននៅពេលមុនវិបត្តិកូវីដ១៩ ដែលមានក្នុងរង្វង់៧%។
ប៉ុន្តែលោកយល់ឃើញថា ការថមថយនេះមិនមែនជាបញ្ហាទេ ព្រោះប្រទេសចិនមានទិសដៅវែងឆ្ងាយ។ ប្រទេសចិនហ៊ានលះបង់កំណើនសេដ្ឋកិច្ចរយៈមួយពេលខ្លី ដើម្បីកំណើនដែលមាននិរន្តភាពនាពេលអនាគត។ នេះហើយទើបចិនហ៊ានរឹតបន្តឹងវិស័យអចលនទ្រព្យខ្លាំង ដូចជាបន្ថែមពន្ធ និងកាត់បន្ថយកម្ចីជាដើម។
លោកបន្ដថា ចិនបានយល់យ៉ាងច្បាស់ថា វាដល់ពេលហើយដែលសេដ្ឋកិច្ចត្រូវដកខ្លួនពីការពឹងផ្អែកលើវិស័យអចលនទ្រព្យ ដែលកំពុងតែលើសតម្រូវការខ្លាំង ដោយនឹងងាកទៅរកអាទិភាពឧស្សាហកម្មបែប High-Tech វិញ ដែលជាការជំរុញកំណើនដែលមាននិរន្តភាព។
លោក បានថ្លែងថា៖ «ទីក្រុងប៉េកាំង ស៊ូលះបង់កំណើនរយៈពេលខ្លីមួយចំនួន ដើម្បីស្ថិរភាពរយៈពេលវែងកាន់តែរឹងមាំ»។
គួរបញ្ជាក់ថា វិស័យសំណង់ទាំងមូលនៅប្រទេសចិនធ្លាក់ចុះ ៧,៧% ក្នុងអំឡុងខែមករា ដល់ខែតុលា បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីកាលពីថ្ងៃទី១៥ វិច្ឆិកា កន្លងទៅ។
លើសពីនេះ តម្លៃផ្ទះក្នុងខែតុលា ក៏បានធ្លាក់ចុះខ្លាំងដែលមិនធ្លាប់មានពីមុនមក តាំងពីខែកុម្ភៈឆ្នាំ២០១៥។
រូបភាពដោយ៖ CGTN
- Video Advertisement -