ធនាគារពិភពលោក សហការនឹងក្រសួងធំៗ ២ ស្ថាបនាផ្លូវសរុប ២៥០ គ.ម ក្នុងខេត្តធំៗ ៦
ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយធនាគារពិភពលោក ក្នុងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុង ប្រវែងសរុប ២៥០ គ.ម និងសំណង់សិល្បការមួយចំនួនទៀតក្នុងខេត្តធំៗចំនួន០៦។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងកិច្ចប្រជុំជាមួយតំណាង WorldBank កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងមកនេះថា គម្រោងនេះគឺត្រូវបានអនុវត្តរយៈពេល ៦ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។
ឯកឧត្តមបន្ដថា គម្រោងនេះត្រូវបានអនុវត្តដោយប្រើហិរញ្ញប្បទានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែកខេត្តគោលដៅទាំង ០៦ រួមមាន ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តកណ្ដាល។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ក៏ដូចជាសាងសង់ស្ពានធំៗសរុបចំនួន ២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ (អានបន្ថែម)
លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ទើបតែប្រកាសថា ចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារសង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ (អានបន្ថែម)

