កោះជាង ២៣ កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ជាតំបន់អភិវឌ្ឍឆាប់ៗ
រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធនឹងចាប់ផ្ដើមចុះពិនិត្យ និងប្រមូលទិន្នន័យ តាមបណ្ដាកោះនានាជាង ២៣ កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង ទិសដៅដើម្បីបង្កើនការគ្រប់គ្រង ជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែម។
គោលការណ៍ថ្មីនេះ ត្រូវបានដាក់ឡើង ក្នុងកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោក អ៊ុក ភ័ក្រ្តាប្រធានលេខាធិការគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង។
ជាលទ្ធផលនៃកិច្ចប្រជុំ រដ្ឋបាលខេត្តបានដាក់ចេញនូវផែនការសកម្មភាពធំៗ ៣ ចំណុច រួមមាន៖
១) អង្គភាពនីមួយៗត្រូវសហការគ្នាចុះពិនិត្យ និងប្រមូលទិន្នន័យជាក់ស្តែងនៅតាមទីតាំងកោះនីមួយៗ ដោយយកនូវទិដ្ឋភាពភូមិសាស្ត្រ និយាមកា រូបភាព និងវីដេអូ សំដៅជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកដាក់ទុនបន្ថែម។
២) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបញ្ជូនមន្ត្រីចុះយកនិយាមកា ដោយប្រើប្រាស់ម៉ាស៊ីនប្រភេទ DGPS ។
៣) សម្រាប់កាលបរិច្ឆេទនៃការចុះទៅកោះនីមួយៗ ក្រុមការងារថ្នាក់ខេត្ត នឹងធ្វើការជូនដំណឹងលម្អិតបន្ថែមនៅពេលក្រោយ ។
បើយោងតាមលោក ហ៊ាង បុណ្ណា អនុប្រធានមន្ទីររៀបចំដែនដីខេត្តកោះកុង ក្នុងដំណាក់ដំបូង កោះដែលរដ្ឋសម្លឹងឃើញសក្ដានុពលរួមមាន កោះម្នាស់ កោះស្មាច់ និងកោះកុងក្រៅជាដើម។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យោងតាមទិន្នន័យ មកទល់បច្ចុប្បន្ន ក្នុងចំណោមកោះទាំងអស់ មានតែកោះស្ដាច់ប៉ុណ្ណោះ ដែលរដ្ឋឱ្យអាជ្ញាបណ្ណដល់ឯកជនចូលទៅអភិវឌ្ឍ។ ដូច្នេះ ផែនការមេស្ដីពី ទិន្នន័យកោះ ដែលរដ្ឋបាលខេត្តកំពុងតែរៀបចំនេះ អាចនឹងជួយឱ្យយើងដឹងថា កោះណាផ្សេងទៀតដែលមានសក្ដានុពល អាចវិនិយោគបាន»។

