EU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន

សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។

គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើនដូចជា ការដឹកជញ្ជូន ថាមពល សុខភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផែនការនេះនឹងមានទាំងការផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចី និងជំនួយបច្ចេកទេស ដែលនឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧។

សហភាពអឺរ៉ុបបានឱ្យដឹងទៀតថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសជាច្រើនខ្វះថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយព្យាករថា ពិភពលោកទាំងមូលនឹងខ្វះទុនរហូតដល់ទៅ ១៣ពាន់លានអឺរ៉ូ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រឹមឆ្នាំ ២០៤០។ ដូច្នេះ គម្រោងនេះមានទិសដៅដោះស្រាយបញ្ហាទាំងនេះ។

សហភាពអឺរ៉ុបបានអះអាងថា Global Gateway គឺខុសពីគំនិតផ្តួចផ្តើមផ្លូវរបស់ចិន ព្រោះគម្រោងគឺមានតម្លាភាព និរន្តរភាព និងផ្ដល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សជុំវិញពិភពលោក។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖ «គ្រប់ពេលដែលយើងផ្ដល់ជំនួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ យើងតែងតែគិតគូរដល់គុណភាព ស្តង់ដារសង្គម និងបរិស្ថានខ្ពស់បំផុត ដោយស្របតាមតម្លៃប្រជាធិបតេយ្យ និងបទដ្ឋានអន្តរជាតិ។ គម្រោងនេះនឹងជាគំរូមួយសម្រាប់របៀបដែលអឺរ៉ុបអាចបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយពិភពលោក»។

- Video Advertisement -