ADB ផ្តល់ហិរញ្ញប្បទាន ៣៣២លានដុល្លារ សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩

ធនាគារអភិវឌ្ឍនអាស៊ី (ADB) សម្រេចផ្តល់ហិរញ្ញប្បទាន ៣៣២,0៥ លានដុល្លារ ដើម្បីជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និង ជួយកែលម្អបណ្តាញផ្លូវនៅកម្ពុជា ទិសដៅគាំទ្រដល់ការងើបឡើងវិញពីវិបត្តិកូវីដ បានដោយមាននិរន្តរភាព។

កញ្ចប់ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill នៅថ្ងៃទី៨ ខែធ្នូ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កិច្ចព្រមព្រៀងកម្ចី និង ហិរញ្ញប្បទានឥតសំណងនេះ រួមមាន គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ៣0លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៨0លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤0លានដុល្លារ។

គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និង ស្រុកចំនួន ៨១ នៅទូទាំងប្រទេសកម្ពុជា។

ដោយឡែក គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន នឹងជួយផ្តល់សេវាគ្រប់គ្រងសំណល់រាវ និង រឹងឱ្យកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ គម្រោងក៏នឹងលើកកម្ពស់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូក្នុងទីក្រុងទាំង ៣ ផងដែរ។

លើសពីនេះ មូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុន ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ២ លានដុល្លារ ដើម្បីកែលម្អផែនការប្រើប្រាស់ដីធ្លី និងអភិបាលកិច្ច។

យ៉ាងណាមិញ សម្រាប់គម្រោងកែលម្អបណ្តាញផ្លូវ ដំណាក់កាលទី ២ នឹងរួមមានការស្តារផ្លូវជាតិ និង ផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ ភាគខាងត្បូង។

ចំណែក កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាបង្កើនស្ថិរភាព និងហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុនៃកម្ពុជាផងដែរ។

បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគសរុបមានតម្លៃ ២,០៨ ពាន់លានដុល្លារ នៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ADB ក៏បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧,២ លានដុល្លារដល់កម្ពុជា និងផ្តល់បន្ថែម ចំនួន ២៨១,៣ លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន។

ដោយឡែក ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ សម្រាប់កម្ពុជា រួមមាន ប្រាក់កម្ចីសម្បទានចំនួន ១,៣៨ ពាន់លានដុល្លារ និងជំនួយឥតសំណង ៣៦,៨ លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]