ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI នឹងដំណើរការនៅខែសីហា

គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រុមការងារកំពុងពន្លឿនបញ្ចប់ការរៀបចំប្រព័ន្ធ។

នេះយោងតាមជំនួបពិភាក្សាលើបច្ចុប្បន្នភាពការងារ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលបន្ទុករៀបចំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៃគម្រោង Port EDI បានឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើវឌ្ឍនភាពការងារសម្រេចបាន និងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញឱ្យការដាក់ដំណើរការប្រព័ន្ធនេះអាចដំណើរការបានតាមការគ្រោងទុក។

គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។

បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

- Video Advertisement -