ផ្លូវលេខ ៥ ពីព្រែកក្តាម ទៅបាត់ដំបង សម្រេចការសាងសង់ ៦៣% គ្រោងបញ្ចប់នៅឆ្នាំក្រោយ

ការស្ថាបនាផ្លូវជាតិលេខ ៥ កំណាត់ព្រែកក្តាម-ធ្លាម្អម និងធ្លាម្អម-បាត់ដំបង ជារួមសម្រេចបានប្រមាណ ៦៣% គិតត្រឹមខែមីនានេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាសាងសង់កំណាត់ផ្លូវសេរីសោភ័ណ-ប៉ោយប៉ែតកាលពីថ្ងៃទី ២៤ ខែមីនា។ (អានបន្ថែម)

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅបាត់ដំបង សព្វថ្ងៃយើងបានធ្វើ ប្រហែល៦៣% ហើយ ដូច្នេះឆ្នាំក្រោយ យើងនឹងបញ្ចប់ការសាងសង់ផ្លូវពី ព្រែកក្តាមទៅដល់បាត់ដំបង»។

គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ ៥ ជា ៤ គន្លង ធ្វើឡើងក្រោមកម្ចីពីជប៉ុនតម្លៃ ៥០០ លានដុល្លារ ហើយបែកចែកជា ៤ កំណាត់។

កំណាត់បាត់ដំបង-សេរីសោភ័ន សាងសង់រួចហើយ និងបើកសម្ពោធកាលពីខែមករា កន្លងមក។ កំណាត់ព្រែកក្តាម-ធ្លាម្អម និងកំណាត់ធ្លាម្អម-បាត់ដំបង កំពុងសាងសង់។ ឯកំណាត់សេរីសោភ័ណ-ប៉ោយប៉ែត ទើបតែចុះហត្ថលេខា ត្រៀមបើកការដ្ឋានខែមេសានេះ។

ក្រៅពីនេះ ក្រសួងនឹងបើកដេញថ្លៃគម្រោងសាងសង់ស្ថានីយថ្លឹងរថយន្ត ៦ កន្លែងទៀត ក្នុងពេលឆាប់ៗ ដើម្បីធ្វើឱ្យគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៥ ពេញលេញ។

- Video Advertisement -