ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន នៅខេត្តពោធិ៍សាត់ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន ក្នុងសហគមន៍រាំងខ្វាវ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីសម្ពោធធ្វើឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីយភាពអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ និង លេខាធិការនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជា ឯកឧត្តម KURIBAYASHI Takanori ។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ជប៉ុនតម្លៃជាង ១០ ម៉ឺនដុល្លារ ដោយនឹងជួយឱ្យប្រជាជននៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន។

ឯកឧត្តម ជាវ តាយ ថ្លែងថា ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសក្មួយៗសិស្សានុសិស្សនឹងចំណេញពេលវេលាក្នុងការសិក្សា ព្រោះលែងលំបាកចេញទៅដឹកទឹកពីចម្ងាយមកប្រើប្រាស់ទៀតហើយ។

គួរបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងគូសាណូណិ (KUSANONE) ដែលជាជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន។

គម្រោង KUSANONE បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ក្នុងគោលបំណងដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ក្នុងរយៈពេលជាង ៣០ ឆ្នាំ ប្រទេសជប៉ុនបានផ្តល់ជាង ៦៥ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន ៦៦៨ គម្រោង ។

- Video Advertisement -