ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ នៅខេត្តព្រះសីហនុ ដំណើរការសាងសង់បាន៨៥% ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ជារួមសម្រេចបាន ៨៥% ហើយ បើគិតមកត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
នេះបើតាមការចុះពិនិត្យគម្រោងផ្ទាល់ កាលថ្ងៃទី២៨ ខែមីនា របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន។
គម្រោងសាងសង់ដោយចំណាយថវិកាសន្សំរបស់ជាតិ ដោយបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែ សីហា ២០២២ ខាងមុខនេះ ពោលគឺប្រើពេល ២៨ ខែ។
កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងសម្រាប់ដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា នៅស្រុកស្ទឹងហាវ និង តំបន់ទំនប់រលកចាស់ ទៅកាន់ទីផ្សារ។

