សម្ដេចហ៊ុន សែន បើកសម្ពោធឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅជាផ្លូវការ

ស្អានអាកាស និងផ្លូវក្រោមដី ចោមចៅ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅត្រូវបានសាងសង់ក្នុងរយៈពេលសាងសង់៣៣ខែ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអានិកជនកម្ពុជា (OCIC)។

ការសាងសង់ស្ពានអាកាស បែងចែកជា៣ផ្នែក រួមមាន ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង និងស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣។

បន្ថែមពីលើនេះ គម្រោងបានសាងសង់ផ្លូវក្រោមដី ទីមួយ៖តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ និងផ្លូវក្រោមដីទីពីរ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), និងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងដំណើរការសាងសង់ស្ពានអាកាសមួយទៀត ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

- Video Advertisement -