គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

គម្រោងនេះ នឹងសាងសង់ឡើងក្នុងតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។

ដោយមានកម្ពស់ ១០៨ម៉ែត្រ ពុទ្ធបដិមានេះ នឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន ដើម្បីបម្រើជាទីសក្ការៈបូជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ។

គួរបញ្ជាក់ថា គម្រោងសាងសង់នេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ ទៅ ៤០លានដុល្លារអាមេរិក ដែលនឹងប្រើពេលកសាងរយៈពេល ៤ឆ្នាំ និងត្រូវបានផ្ដួចផ្ដើមគំនិតដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់។

- Video Advertisement -