ក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា
ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។
ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិនិត្យអណ្តូងប្រេងនៅក្នុងដែនទឹកសមុទ្រកម្ពុជា។
តាមសំណើរបស់មន្ត្រីរដ្ឋាភិបាលនៃក្រសួង លោក Mike Weeks នាយកប្រតិបត្តិប្រតិបត្តិនៃក្រុមហ៊ុន Angkor Resources Corp និងជាប្រធានក្រុមហ៊ុន EnerCam បានដឹកនាំការវាយតម្លៃ និងត្រួតពិនិត្យបច្ចេកទេស កន្លែងខួងយកប្រេងនៅដែនសមុទ្រខ្មែរ មានទីតាំងចម្ងាយ ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៥ ឧសភា។
ធ្វើឡើងដើម្បីតាមដានរបាយការណ៍ ដែលត្រូវបានដាក់ជូនក្រសួងរ៉ែ និងថាមពល កាលពីខែមីនា លោក Mike Weeks បានត្រួតពិនិត្យជាក់ស្តែងលើគ្រឿងបរិក្ខារអណ្តូងប្រេង។ នាវាដឹកនាវិកបានចេញដំណើរនៅថ្ងៃទី ៣ ខែឧសភា ជាមួយនឹងក្រុមបច្ចេកទេសដែលមានគ្នា ៨នាក់ ចូលរួមដោយមន្ត្រីចំនួន ១៥នាក់មកពី ក្រសួងរ៉ែ និងថាមពល។
នៅខែធ្នូ ឆ្នាំ ២០២១ លោក Mike Weeks បានសម្របសម្រួលក្រុមអ្នកជំនាញឯកទេស ដើម្បីសិក្សាពីសក្តានុពលក្នុងការចាប់ផ្តើម និងបន្តផលិតបូមប្រេងឆៅនេះឡើងវិញ។
លោក Mike Weeks មានប្រសាសន៍ថា៖ “យើងរីករាយក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យថាមពលរបស់ខ្លួនទាំងនៅសមុទ្រ និងលើគោក។ ការត្រួតពិនិត្យគ្រឿងបរិក្ខារដែលមានស្រាប់នេះ ជួយដល់ឧស្សាហកម្ម និងរដ្ឋាភិបាលក្នុងការកំណត់ជំហានបន្ទាប់ក្នុងការផលិតនាពេលអនាគត និងការពង្រីកផលិតកម្មរបស់ប្រទេសកម្ពុជា”។
ចំពោះរបាយការណ៍ត្រួតពិនិត្យ និងការវិភាគនៃការចាប់ផ្តើមផលិតកម្មឡើងវិញ បច្ចុប្បន្ន កំពុងត្រូវបានពិនិត្យដោយគ្រប់ភាគី។
- Video Advertisement -