គម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ សម្រេចការសាងសង់ជាង ៦៥ភាគរយ
គម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សម្រេចការសាងសង់បានប្រមាណ ៦៥ភាគរយ គិតត្រឹមចុងខែមិថុនានេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃទី២៣ ខែមិថុនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។
ក្រសួងសាធារណការបញ្ជាក់ថា ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។
គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ដើម្បីបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ២០២៣។
ក្រៅពីសាងសង់ស្ពានច្រើនកន្លែង ក្នុងគម្រោងនេះ ក៏មានសាងសង់ស្ពានមួយកន្លែងមានកម្ពស់រហូតដល់ ៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផ្លូវជាតិលេខ១០ នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (អានបន្ថែម)

