សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។
ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯសាលទីក្រុងកោះពេជ្រ ក្រោមការរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន OCIC, ក្រុមហ៊ុន Taing Cheng Oing Construction & Import Export, និងក្រុមហ៊ុន HTS Water Pipes ដោយមានការចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ក្នុងអំឡុងពេលអាជីវកម្មជួបវិបត្តិជំងឺកូវីដ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។
«កម្មវិធីនេះត្រូវបានពន្យារពេលជាងពីរឆ្នាំមកហើយ គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។
លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។
គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន ដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ ក្រុមហ៊ុន ។
ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ហើយសម្រាប់ឆ្នាំ ២០២២ នេះ សមាគមបានសម្រេចយក ថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២១២ ជាងថ្ងៃរៀបចំកម្មវិធី។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះសូមទាក់ទង CCA ទូរស័ព្ទ៖ +855 96 581 1861 អ៊ីមែល៖ ccaforeignaffairs@gmail.com

