ក្រសួងចេញគោលការណ៍សំខាន់ៗ៤ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកសិកម្មឌីជីថល ២០២២-២០៣០

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានដាក់ចេញគោលនយោបាយចំនួន៤ ចំណុចសំខាន់ ដើម្បីចូលរួម​អនុវត្ត​​គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងប្រែក្លាយទៅជា​កសិកម្ម​មាន​លក្ខណៈ​ទំនើប ប្រកួតប្រជែង បរិយាប័ន្ន និងមានលក្ខណៈធន់នឹងអាកាសធាតុ។

នេះបើតាមការលើកឡើងនូវប្រសាសន៍ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

គោលនយោបាយសំខាន់ៗទាំង ៤ចំណុចរួមមាន៖

ទី១៖ ការលើក កម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង

ទី២៖ បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជកម្ម

ទី៣៖ បង្កើនការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព

ទី៤៖ ពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើន​កសិកម្ម​ប្រកប​​ដោយ​ភាពប្រកួតប្រជែង និងបរិយាប័ន្ន ដោយផ្តល់នូវផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព និង​អាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកប​ដោយ​និរន្តរភាព។

នៅក្នុងសន្និសីទនេះ ឯករដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងក៏បានជំរុញការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​អភិវឌ្ឍ​​ខ្សែច្រវាក់តម្លៃកសិកម្ម ការធ្វើឱ្យប្រសើរឡើង​នូវលទ្ធភាពចូល​ទៅកាន់ទីផ្សារ​សម្រាប់​កសិករខ្នាត​តូច និង​មធ្យម បង្កើនផលិតភាពនៃការស្រោចស្រពកសិកម្ម ពង្រឹកការភ្ជាប់ផ្លូវចូលទៅកសិដ្ឋាន-បណ្តាញអគ្គិសនី​ និងការ​ដឹក​ជញ្ជូន​ផលិតផលកសិកម្មជាដើម។

- Video Advertisement -