កម្ពុជាប្រើ Robots ជំនួសមនុស្ស ដើម្បីត្រួតពិនិត្យប្រព័ន្ធលូ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងថ្មីបំផុតគឺ ឧបករណ៍ Robots ជំនួសឱ្យមនុស្ស ក្នុងការត្រួតពិនិត្យប្រព័ន្ធលូ ដែលជាការបោះជំហ៊ានមួយទៀត នៃទំនើបកម្មក្នុងវិស័យសាធារណការ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា។
តាមការបញ្ជាក់របស់ក្រសួង ការប្រើប្រាស់នូវ Robot ត្រួតពិនិត្យប្រព័ន្ធលូនេះ ជាបច្ចេកវិទ្យាទំនើប ដែលមានភ្ជាប់ជាមួយនិងកាមេរ៉ា អាចឱ្យគេមើលឃើញស្ថានភាពជាក់ស្ដែង ប្រព័ន្ធលូផ្ទៃខាងក្នុង ដូចជាការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយ បានទាន់ពេលវេលា។
ការចុះពិនិត្យនេះ មានគោលបំណងចាត់វិធានការដោះស្រាយ និងស្វែងរកមូលហេតុ នៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដែលបង្កឱ្យមានការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

