ឡាវគ្រោងភ្ជាប់ផ្លូវដែកមកកម្ពុជា ដើម្បីបង្រួញរយៈពេលដឹកជញ្ជូនរវាង កម្ពុជា- ឡាវ- ចិន

ប្រទេសឡាវកាលពីថ្មីៗ បានប្រកាសពីផែនការចង់តភ្ជាប់ផ្លូវដែកជាមួយកម្ពុជា ទិសដៅដើម្បីពង្រីកពាណិជ្ជកម្ម និងប្រព័ន្ធដឹកជញ្ជូនទ្វេភាគី ក៏ដូចជាបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនពេញលេញមួយរវាងកម្ពុជា ឡាវ និងចិន។

ផែនការនេះ ត្រូវបានឡើងដោយភាគីឡាវក្នុងការធ្វើទស្សនកិច្ចរបស់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នៅកំពង់ផែស្ងួត Vientiane Logistice Park ក្នុងប្រទេស នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។

ក្នុងកិច្ចប្រជុំ លោកអគ្គនាយកក្រុមហ៊ុនផែស្ងួត Vientiane Logsitric Park ថា ថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា។

ការតភ្ជាប់ផ្លូវដែកកម្ពុជាឡាវ នឹងក្លាយជាមធ្យោបាយដឹកជញ្ជូនមួយដ៏សំខាន់ ក្នុងការដឹកទំនិញ ពិសេសកសិផលពីកម្ពុជា ទៅប្រទេសចិន ពោលគឺនឹងធ្វើឱ្យការចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលថែមទៀតផង។

លោកជំទាវ ម៉ែន សំអន ថាគម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ខណៈលោកជំទាវពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំកម្ពុជា។ លើសពីនេះ កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សាគម្រោងនេះនៅកម្ពុជា។

គួរបញ្ជាក់ថា  កំពង់ផែស្ងួត Vientiane Logistice Park ជាផែស្ងួតខ្នាតយក្សក្នុងប្រទេសឡាវ ដែល វិនិយោគដោយទុននៅក្នុងស្រុក ប្រមាណជាង៧០០លានដុល្លារ។

គម្រោងនេះ តភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។

គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។

- Video Advertisement -