ថវិកាសង់ផ្លូវកំពត-វាលរិញ ស្នើមិនទាន់បានទេ  រំពឹងថាពន្យារដល់ឆ្នាំ ២០២៣ ឬ ២០២៤

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថារដ្ឋាភិបាលមិនមែនព្រងើយកន្ដើយលើបញ្ហាផ្លូវកំពត-វាលរិញនោះទេ ប៉ុន្តែបច្ចុប្បន្នមិត្តចិននៅមិនទាន់អនុម័តថវិកា ដោយរំពឹងថាអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤។

ឯកឧត្តម បានឱ្យដឹងនៅថ្ងៃទី ២២ កញ្ញា ថា៖  «ក្រសួងមិនមែនមើលមិនឃើញពីបញ្ហា ឬមិនចង់ជួសជុលនោះទេ។ យើងសិក្សារួចរាល់ហើយ តែមិនទាន់មានថវិកា។ នេះជារឿងអាម៉ាស់ណាស់ ហើយក្រសួងក៏សុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋផង»។

«ផ្លូវនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់ ៥ គម នៃ ២០គម មានគ្រឹះជាដីស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រចុះក្រោម។ ដូច្នេះ យើងត្រូវធ្វើគ្រឹះក្រោមដី ដូចធ្វើស្ពានក្រោមដីដូច្នោះដែរ។ ប៉ុន្តែមិត្តចិនមិនទាន់អនុម័តថវិកាទេ ដោយអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤»។

យ៉ាងណាក្ដី ជាបណ្ដោះអាសន្ន ​ឯកឧត្តមកំពុងស្នើឱ្យក្រុមហ៊ុនចិនCRBC  ជួយកិនបង្ហាប់ផ្លូវ ដើម្បីសម្រួលដល់ចរាចរមួយរយៈខ្លីសិន។

«យើងធ្វើបានត្រឹមកិនបង្ហាប់ដី។ យើងក៏ចង់ធ្វើពីលើសហ្នឹងដែរ តែយើងមិនចង់ដាក់លុយ ១ ឬ ២ លានដុល្លារទៅជួសជុលបែបបណ្ដោះអាសន្នព្រោះ ជួសជុលយ៉ាងណាក៏មិនជាប់ដែរ ដូច្នេះគឺដាក់លុយទៅដូចបោះចោលអញ្ចឹង»។

«ដូច្នេះ ខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ។ ចាំយើងមានថវិកា យើងនឹងជួសជុលតាមលក្ខណៈបច្ចេកទេសឱ្យជាប់បានយូរតែម្ដង» ឯកឧត្តមបានបន្ដ។

គួរបញ្ជាក់ថា តាមការសិក្សា ការជួសជុលស៊ីជម្រៅផ្លូវ២០គម នេះ គ្រោងចំណាយ ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួចហើយ ពេលនេះនៅរង់ចាំចម្លើយ។

- Video Advertisement -