រដ្ឋកំពុងពន្លឿនការរៀបចំរាជធានីភ្នំពេញ ដើម្បីទទួលកម្មវិធីធំៗបីក្នុងឆ្នាំ ២០២៣

អាជ្ញាធររាជធានីភ្នំពេញ កំពុងចាប់ផ្តើមជួសជុលកែលម្អផ្លូវផេ្សងៗទូទាំងទីក្រុងភ្នំពេញ ដើម្បីត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ។

នេះបើយោងតាមកិច្ចប្រជុំរបស់ រដ្ឋបាលរាជធានីភ្នំពេញ

កាលពីថ្ងៃទី ៦ តុលា ២០២២ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដមអភិបាលបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។

យ៉ាងណាមិញ ថ្មីៗនេះឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានក្រើនរម្លឹកដល់ក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឱ្យចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវសម្រួលការតភ្ជាប់ភ្លាមៗនូវខ្សែផ្លូវទាំងឡាយណាដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់៕

 

 

- Video Advertisement -