សមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF ដើម្បីធ្វើរឿងសំខាន់១
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។
តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវឌ្ឍកំលាំងពលកម្ម ដែលមានគោលបំណងជួយកៀរគរធនធានមនុស្ស និងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ និងជាតម្រូវការរបស់ទីផ្សារ។
តំណាង CCA បានញ្ជាក់ថា សមាគមនឹងពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំជាមុនសិន ដើម្បីស្វែងរកវិស័យអាទិភាពបំផុត ដែលមានតម្រូវការវគ្គបណ្តុះបណ្តាលនេះ មុននឹងធ្វើការស្នើសុំថវិកាពី SDF ។
អ្នកនាងបានបន្ថែមទៀតថា SDF មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ទាំងសមាជិក និងសាធារណៈជន ដោយសារវគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មទាក់ទងនឹងសំណង់។
កំលាំងពលកម្មដែលមានជំនាញ និងគុណភាព នឹងជួយទាក់ទាញការវិនិយោគក្នុងវិស័យសំណង់កាន់តែច្រើនឡើងផងដែរ៕

