ក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃនៃការប្រើប្រាស់ផ្លូវនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
បន្ទាប់ពីការពិភាក្សាលើការបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុននឹងចេញផ្សាយតារាងតម្លៃថ្មី ក្នុងពេលឆាប់ៗនេះ។ កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តីលោក ហ៊ាង សុទ្ធាយុត្តិ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា។
អ្នកនាំពាក្យលើកឡើងថា៖ “អ្នកដែលប្រើផ្លូវល្បឿនលឿន នឹងឃើញតម្លៃដែលមានកំណត់យ៉ាងច្បាស់នៅលើបដាពណ៌ខៀវធំនៅខាងស្ដាំផ្លូវចូល”។
បច្ចុប្បន្ន តម្លៃទាំងទៅទាំងមក សម្រាប់រថយន្តដឹកទំនិញ គឺ១២០ដុល្លារ។
ការកំណត់បញ្ចុះតម្លៃថ្មីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្តោះ អាសន្ន រយៈពេលមួយខែ។ ក្នុងរយៈពេល៣សប្តាហ៍នេះ មានរថយន្តជាង២០ម៉ឺនគ្រឿងបានឆ្លងកាត់ ផ្លូវល្បឿនទីមួយនៅកម្ពុជា។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា។ ការសាងសង់ផ្លូវប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារ។

