កម្ពុជាត្រៀមសង់កំពង់ផែទឹកជ្រៅ ០៣ទៀត ដែលមានសមត្ថភាពធ្វើដំណើរត្រង់ទៅសហរដ្ឋអាមេរិក និងអុឺរ៉ុប

កម្ពុជា កំពុងរៀបចំសាងសង់កំពង់ផែទឹកជ្រៅមួយទៀត «ផែគន្ថីនៅទឹកជ្រៅ» ដែលមានជម្រៅរហូតដល់ ១៤,៥០ ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យនាវា​ប្រហែល៩៣% ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ​កអាចចតបាននៅ​កំពង់ផែក្រុង​ព្រះសីហនុ គ្រោងនឹងសម្រេចក្នុងឆ្នាំ២០២៦។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេច​បាន​រយៈ​ពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «ពេលជាមួយគ្នានេះ យើងកំពុងសិក្សាធ្វើផែ ០២ទៀត មួយ ១៦,​៥០​ ម៉ែត្រ មួយទៀត ១៧,៥០ ម៉ែត្រ។ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ ១៧,៥០ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា​អាច​ផ្ទុក​​ទំនិញ​បាន ១២ម៉ឺនតោន ១២០ពាន់តោន អាចធ្វើដំណើរពីកំពង់ផែ​ក្រុងព្រះសីហនុឆ្ពោះត្រង់​តែម្តងទៅ​សហ​រដ្ឋអាមេរិក និង​ត្រង់​ទៅ​អ៊ឺរ៉ុប»។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សព្វថ្ងៃនេះ ដោយសារទឹករាក់ កម្ពុជាត្រូវដឹកទំនិញទៅសិង្ហបុរី ឬទៅហុងកុង ឬទៅ​វ៉ង់តាវ​ជាដើម ដើម្បីផ្ទេរទំនិញទៅកប៉ាល់ធំ ដោយប្រើប្រាស់ថវិកាច្រើន ក្នុងការលើកដាក់ទំនិញ​ដល់ទៅ​ពីរ​ដង។​

បើតាមឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផែបន្ថែមទាំងនេះ នឹងធ្វើការសាងសង់ដោយ​ប្រើប្រាស់​ប្រាក់​កម្ចី​​ពីប្រទេសជប៉ុន។

- Video Advertisement -