អូស្ត្រាលីជួយកម្ពុជារៀបចំគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់
ស្ថានទូតអូស្ត្រាលី ជួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកកខ្វក់ ដោយផ្តោចសំខាន់ដល់ការលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី នឹងជួយកម្ពុជារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។
សិក្ខាសាលានេះ នឹងពិភាក្សាលើគោលនយោបាយលម្អិតជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដោយផ្អែកលើគោលនយោបាយគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជាមូលដ្ឋាន ដែលបានឯកភាពរួចមកហើយ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើសេចក្តីព្រាងស្តីពីយថាប្រភេទទូទៅនៃប្រព័ន្ធលូ (General Specification of Sewerage System) និងគោលការណ៍ណែនាំជាតិស្តីពីផែនការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មសំណល់ភក់តាមបែបធម្មជាតិ (FSTP) ក្រោមកិច្ចសហការពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
កាលពីកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ធ្លាប់បានជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានប្រគល់សេចក្តីព្រាងនេះ តាំងតែពីថ្ងៃទី១៦ ខែឧសភា មកម្ល៉េះ។ (អានបន្ថែម)

