ជប៉ុននឹងប្រើបច្ចេកវិទ្យាទំនើបបំផុត ដើម្បីរៀបចំផ្នែកសំខាន់ៗក្នុងមជ្ឈមណ្ឌលអភិរក្សកេសរកូលភំ្នគូលែន
ក្រុមហ៊ុនវិនិយោគរបស់ជប៉ុន នឹងជួយជាបច្ចេកវិទ្យាទំនើបៗ ដែលកំពុងពេញនិយមបំផុតក្នុងសកលលោក ដើម្បីរៀបចំផ្នែកសំខាន់ៗមួយចំនួនក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា បច្ចេកវិទ្យាទំនើបៗទាំងនេះ រួមមាន Mega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ទៀតថា ក្រុមហ៊ុនជប៉ុនគ្រោងនឹងសហការជាមួយមជ្ឍមណ្ឌលដើម្បីរៀបចំលើផ្នែកសំខាន់ៗ រួមមាន៖
១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ
២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល ដែលមានដូចជា៖ ប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី
៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង
៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល។
ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារឱ្យធ្វើការសិក្សាឱ្យបានល្អិតល្អន់ពីសក្ដានុពលរបស់មជ្ឈមណ្ឌល ដែលសំដៅដល់ការប្រែក្លាយតំបន់នេះទៅជាទីតាំងមានភាពទាក់ទាញបំផុត ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។

