សម្តេចតេជោ ជំរុញអាជ្ញាធរពាក់ព័ន្ធរៀបចំសារៈមន្ទីរឆ្នេរនៅក្រុងព្រះសីហនុ
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក។
ក្នុងការពិនិត្យលទ្ធភាពនេះ សម្តេចតេជោ បានស្នើដល់ប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រ ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការនៃការរៀបចំសារៈមន្ទីររបស់ខ្លួនផងដែរ។
ក្រៅពីនេះ សម្តេចក៏បានស្នើក្រសួងទេសចរណ៍សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ។
គួរបញ្ជាក់ថា ថ្មីៗនេះកម្ពុជាទើបបានប្រកាសមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណាស់មាន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន ២៧ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។ (អានបន្ថែម)

