រយៈពេល៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ
រយៈពេល៤ខែ ចាប់ពីថ្ងៃគិតកម្រៃលើការធ្វើចរាចរណ៍ពីថ្ងៃទី១ វិច្ឆិកា មកដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបានជិត ១១លានដុល្លារ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ។
ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីខែតុលា ដល់ចុងខែកុម្ភៈ ចរាចរណ៍ បានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន។ បើតាមក្រសួងសាធារណការ ក្នុងចំណោមចរាចរណ៍ជិត១,៩លាននេះ មានជាង ១,៤លាន បានគិតកម្រៃសេវា ដែលប្រមូលចំណូលបានជិត ១១លានដុល្លារ។
លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនពង្រឹងការផ្សព្វផ្សាយអប់រំពីការបើកបរលើផ្លូវល្បឿនលឿន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះបទល្មើសចរាចរណ៍ ពិសេសករណីបើកបរបញ្ច្រាសទិស។ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏ជំរុញឱ្យក្រុមហ៊ុនគូសគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ មានតម្លៃជាង ២ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd តភ្ជាប់ពីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅនៃខេត្តព្រះសីហនុ៕ (អានបន្ថែម)
- Video Advertisement -