បារាំងបង្កើនទំហំហិរញ្ញប្បទានដល់ ២០០លានអឺរ៉ូ ដល់កម្ពុជា ខណៈ ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍផ្លូវជនបទ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០​ លានអឺរ៉ូ ទៅ ២០០​ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងបានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ស្មើនឹងជាង ២៧លានដុល្លារអាមេរិក ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។

នេះបើតាមកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោកជំទាវMarie-Helene LOISON អនុប្រធានប្រតិបត្តិ​របស់ AFD ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកជំទាវបានបញ្ជាក់ថា បារាំងនៅតែបន្តគាំទ្រ និងសហការលើគ្រប់វិស័យរបស់កម្ពុជា ហើយថែមទាំងជួយកៀរគរ​ហិរញ្ញ​ប្ប​ទានឥតសំណងពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសកម្មភាពរបស់ AFD ឆ្នាំ២០២២–២០២៦ សម្រាប់កម្ពុជា។

ជាមួយគ្នានេះដែរ AFD ក៏បានផ្តល់ហិរញ្ញប្បទានចំនួន ២៥លានអឺរ៉ូ នឹងចាក់បំពេញបន្ថែមទៅក្នុងកម្មវិធី RID4CAM ជំហាន ១ ដែលកំពុងដំណើរការស្រាប់។

គួរបញ្ជាក់ថា កម្មវិធី RID4CAM នេះ មានគោលដៅផុ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍបណ្តាញផ្លូវថ្នល់ក្នុងខេត្តមួយចំនួននៅតំបន់ទំនាបកណ្តាលនៃប្រទេស ដែលមានចំនួនប្រជាជនច្រើន និងងាយរងគ្រោះបំផុតដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ គម្រោងនេះក៏នឹងពង្រឹងសមត្ថភាពរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែរ។

កន្លងមក ក្រោមកម្មវិធី RID4CAM ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)តំណាងឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។ (អានបន្ថែម)

ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានផ្តល់ជាកម្ចី និងជំនួយសរុប ៣៧,១ លានអឺរ៉ូ រីឯកម្ចីរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ៥០លានអឺរ៉ូ និង ជំនួយរបស់សហភាពអឺរ៉ុបចំនួន ៨,៧៣លានអឺរ៉ូ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ បារាំងតាមរយៈ AFD បាន​ផ្តល់​​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៩២៧លានអឺរ៉ូ ក្នុងនោះឥណទានសម្បទានមាន​ចំនួនប្រមាណ ៥៤៨លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨លានអឺរ៉ូ ដោយផ្តោតលើវិស័យកសិកម្ម ធារាសាស្ត្រ ទឹកស្អាត ថាមពល អប់រំ សុខាភិបាល ទេសចរណ៍ បរិស្ថាន និងមីក្រូហិរញ្ញវត្ថុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]