អ្នកជំនាញ៖ ការងើបឡើងនៃទីផ្សារអចលនទ្រព្យចិនហាក់នៅឆ្ងាយពីក្តីរំពឹង ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗកំពុងតែ…

ខណៈដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តជួបប្រទះកត្តាប្រឈមជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភបានលេចឡើងនៅក្នុងវិបត្តិបំណុលអចលនទ្រព្យរបស់ប្រទេស។ នៅក្នុងការរៀបចំដេញថ្លៃដោយបង្ខំមួយ ក្រុមហ៊ុន Shimao Group Holdings Ltd. កំពុងវិវត្តថយក្រោយ ដោយសារគម្រោងចំនួន ១.៨ពាន់លានដុល្លារ បានបរាជ័យក្នុងការទាក់ទាញអ្នកទិញ ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនប៉ុណ្ណាក៏ដោយ នេះបើយោងតាមបទវិភាគរបស់សារព័ត៌មាន Yahoo Finance។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Sino-Ocean Group Holding Ltd. បានមើលឃើញការធ្លាក់ចុះនៃមូលបត្របំណុលរបស់ខ្លួន បន្ទាប់ពីបានបង្ហាញពីការចូលរួមរបស់ខ្លួនជាមួយម្ចាស់ភាគហ៊ុនធំៗ ដើម្បីដោះស្រាយបន្ទុកបំណុលរបស់ខ្លួនក៏ដោយ។ ការវិវត្តចុងក្រោយទាំងនេះ បានគូសបញ្ជាក់អំពីផលប៉ះពាល់ជាបន្តបន្ទាប់នៃវិបត្តិអចលនទ្រព្យមកលើសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្វើឱ្យទីផ្សារធ្លាក់ចុះ និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងវិស័យផ្សេងៗ រួមទាំងមូលបត្របំណុល និងទំនិញដែលមានទិន្នផលខ្ពស់។

ការស្ទុះងើបឡើងវិញយឺតនៃទីផ្សារលំនៅឋានបែបនេះ បានធ្វើឱ្យអ្នកវិនិយោគខកចិត្ត ហើយការព្យាករពេលវេលានៃការងើបឡើងវិញហាក់ដូចជាអូសបន្លាយជាងការរំពឹងទុកពីមុន។ លោក Anitza Nip ប្រធានផ្នែកស្រាវជ្រាវប្រាក់ចំណូលថេរសម្រាប់អាស៊ីនៅ ក្រុមហ៊ុន Union Bancaire Privee បានកត់សម្គាល់លើការខកចិត្តដែលកំពុងកើនឡើងរបស់ទីផ្សារដោយនិយាយថា “ផ្លូវងើបឡើងវិញហាក់ដូចជាវែងជាងអ្វីដែលទីផ្សារបានរំពឹងទុកកាលពីដើមឆ្នាំនេះ” ។

ការដេញថ្លៃដែលបរាជ័យរបស់ក្រុមហ៊ុន Shimao Group នៃផលបត្រដីនៅទីក្រុង Shenzhen របស់ខ្លួន បង្កឧបសគ្គបន្ថែមទៀតដល់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានទិញដីនេះក្នុងឆ្នាំ 2017 ក្នុងតម្លៃបំបែកកំណត់ត្រា ២៤ពាន់លានយន់ (៣.៣ពាន់លានដុល្លារ) ហើយមានបំណងអភិវឌ្ឍអគារកប់ពពកមួយកម្ពស់ ៥០០ម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានប្រឈមមុខនឹងការលំបាកនៅពេលដែលក្រុមហ៊ុនខកខានមិនបានទទួលការទូទាត់លើផលិតផលដែលរំពឹងផលជាការទុកចិត្តពីកម្រិតខ្ពស់ពីអតិថិជនវិញ ហើយដែលការទូទាត់នេះគឺក្រុមហ៊ុនត្រូវការជាចាំបាច់សម្រាប់ហិរញ្ញប្បទានរបស់ខ្លួន។ ក្រុមហ៊ុន Citic Trust Co. បានរឹបអូសទ្រព្យសម្បត្តិជាបន្តបន្ទាប់ ហើយចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Shimao ដោយធ្វើឱ្យបញ្ហាប្រឈមរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកាន់តែធ្ងន់ធ្ងរឡើង។

ក្នុងពេលដំណាលគ្នានេះ ក្តីបារម្ភជុំវិញបញ្ហាសាច់ប្រាក់ក្នុងឧស្សាហកម្មទាំងមូលបានរីករាលដាលទៅដល់អ្នកអភិវឌ្ឍន៍ដែលគាំទ្រដោយរដ្ឋ ជាពិសេសពាក់ព័ន្ធនឹងការធ្លាក់ចុះនៃទីផ្សារមូលបត្ររបស់ក្រុមហ៊ុន Sino-Ocean Group និងការចូលរួមក្នុងក្រុមហ៊ុនធានារ៉ាប់រង China Life Insurance Co. និង Dajia Life Insurance Co ។ ផែនការកាត់បន្ថយហានិភ័យរួមមួយ កំពុងត្រូវបានពិភាក្សា  ដែលគូសបញ្ជាក់បន្ថែមអំពីទំហំនៃការដាក់សាច់ប្រាក់របស់មហាជន ដែលប៉ះពាល់ដល់វិស័យនេះ។

នៅពេលដែលទីផ្សារលំនៅឋានរបស់ប្រទេសចិនធ្លាក់ចុះ មានការរំពឹងទុកកាន់តែខ្លាំងជាងមុនថា រដ្ឋាភិបាលនឹងអនុវត្តវិធានការជំរុញបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ វិធានការគាំទ្រដែលបានណែនាំមកទល់ពេលនេះ នៅមានកម្រិត ហើយវិធានការឆ្លើយតបទាំងនេះច្រើនតែមានលក្ខណៈដាក់សម្ពាធលើអ្នកអភិវឌ្ឍន៍ដែលកំពុងប្រឈមនឹងបំណុលកើនឡើងនេះទៅវិញ ជាជាងវិធានការជួយគ្រាំទ្រ។ ដំណើរការរៀបចំរចនាសម្ព័ន្ធសម្រួលការវិនិយោគឡើងវិញនៅតែមានភាពយឺតយ៉ាវ ដែលរួមចំណែកដល់ការព្រួយបារម្ភរបស់វិនិយោគិនជុំវិញហានិភ័យឥណទានបុគ្គល និងស្ថិរភាពនៃវិស័យអចលនទ្រព្យចិនទាំងមូល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]