ទីផ្សារអចលនទ្រព្យចិនច្របូកច្របល់៖ ក្រុមហ៊ុនឯកជនបង្ហាញការធ្លាក់ចុះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាំទ្រដោយរដ្ឋមានការកើនឡើង

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានជួបប្រទះនឹងភាពច្របូកច្របល់ក្នុងមួយរយៈនេះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏លេចធ្លោ Country Garden Holdings បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ខ្លួន ហើយការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតបន្តកន្ទុយគ្នា។ កាលពីថ្ងៃ១៤ សីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ធ្លាក់ចុះ ១៨,៤% គឺធ្លាក់ទៅដល់តម្លៃ ០,៨០ ដុល្លារហុងកុង និងបានបង្ខំឱ្យក្រុមហ៊ុនប្រកាសកាលពីចុងសប្តាហ៍ អំពីការផ្អាកការជួញដូរតម្លៃភាគហ៊ុនចំនួន ១១ សញ្ញាប័ណ្ណ ដែលមានតម្លៃបូករួមបញ្ចូលគ្នាប្រហែល ១៦ ពាន់លានយ័ន (២,២៣ ពាន់លានដុល្លារ)យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Nikkei Asia កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣។

ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនេះ កើតឡើងដោយសារស្ថានភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ ដោយសន្ទស្សន៍មូលបត្រ Hang Seng របស់ហុងកុង បានធ្លាក់ចុះ ១,៥៨% ទៅដល់តម្លៃ ១៨.៧៧៣,៥៥ ហើយសន្ទស្សន៍ CSI300 របស់ប្រទេសចិន បានធ្លាក់ចុះ ០,៧% មកទើរត្រឹមតម្លៃ ៣.៨៥៥,៩១។

លោក Mo Bin ប្រធានក្រុមហ៊ុន Country Garden បាននិយាយថា “ក្រុមហ៊ុនកំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាកបំផុតចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ដោយសារមូលហេតុនៃកត្តារួមផ្សំគ្នា រួមទាំងការលក់ធ្លាក់ចុះ និងដោយសារនិន្នាការរៀបចំលក្ខខណ្ឌនៃការផ្តល់ហិរញ្ញប្បទានឡើងវិញដែលមានលក្ខខណ្ឌតឹងរឹងជាងមុនរបស់បណ្តាធនាគារ ដែលនាំឱ្យមានឧបសគ្គសាច់ប្រាក់។”

ដោយសារហេតុនេះ បានបណ្តាលឱ្យតម្លៃភាគហ៊ុននៃបណ្តាក្រុមហ៊ុនធំៗផ្សេងទៀតក្នុងវិស័យនេះរងផលប៉ះពាល់ដែរ ក្នុងនោះមានក្រុមហ៊ុន Guangzhou R&F Properties ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យផ្សេងទៀតដែលបានចុះបញ្ជីនៅហុងកុង ធ្លាក់ចុះ ៨,៣% ដល់តម្លៃ ១,១១ដុល្លារហុងកុង កាលពីថ្ងៃចន្ទទី១៤នេះដែរ។ ការលក់ប្រចាំខែរបស់ក្រុមហ៊ុន ថយចុះ ៤៩% ចាប់ពីខែមករា ដល់ខែកក្កដា ក្នុងឆ្នាំនេះ រួមជាមួយនឹងការធ្លាក់ចុះ ៨០% ពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ទាំងនេះ បានបង្ហាញពីការប្រឈមខ្លាំងរបស់ទីផ្សារមូលបត្រ ចំពេលមានវិបត្តិអចលនទ្រព្យដែលកំពុងបន្តក្នុងប្រទេសចិន។

លើស​ពី​នេះ ក្រុមហ៊ុនអ្នក​លេង​អចលន​ទ្រព្យ​ល្បីៗ​ផ្សេង​ទៀត ក៏ហាក់នៅ​មិន​មាន​ភាព​ស៊ាំ​នឹង​វិបត្តិ​នៅឡើយនោះ​ទេ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅខេត្តក្វាងទុង ត្រូវបានតុលាការក្វាងចូវក្នុងតំបន់បានចាត់ថ្នាក់ជាក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុន “កូនបំណុលដែលខូចក្រេឌីត” ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ចសងបំណុល។

ប្រធានក្រុមហ៊ុន Zhongliang Holdings Group ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ លោក Yang Jian បានបង្ហាញពីផលប៉ះពាល់ដ៏អាក្រក់នៃបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដែលមិនអំណោយផល និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិនទៅលើប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការធ្លាក់ចុះ ១,២% ដល់តម្លៃ ០,៤៣ដុល្លារហុងកុង កាលពីថ្ងៃចន្ទ។

ទោះជាយ៉ាងណាក៏ដោយ ភាពចលាចលក្នុងវិស័យនេះ បានបង្ហាញពីភាពផ្ទុយគ្នាស្រឡះរវាងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន និងក្រុមហ៊ុនដែលមានរដ្ឋនៅពីក្រោយ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Poly Developments and Holdings Group ដែលបានចុះបញ្ជីនៅសៀងហៃ បែរជាមានការកើនឡើងតម្លៃភាគហ៊ុន ០,៤% កាលពីថ្ងៃចន្ទ ដោយបិទតម្លៃនៅត្រឹម ១៤,០១ យ័ន។ មានការវិភាគថា ភាពធន់របស់ក្រុមហ៊ុននេះ បង្ហាញពីកំណើនកិច្ចសន្យាលក់ចំនួន ១០,១%​នៃអត្រាប្រចាំឆ្នាំរបស់ខ្លួន ក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំនេះដែលស្មើនឹង ២៦៧,៨២ ពាន់លានយ័ន។ ការទិញកម្មសិទ្ធិដីធ្លី របស់ក្រុមហ៊ុននេះ រួមជាមួយនឹងប្រាក់ចំណូលដែលបានព្យាករណ៍ និងកំណើនប្រាក់ចំណេញសុទ្ធ ២៥% និង ១១% រៀងគ្នាសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ បានពង្រឹងជំហររបស់ខ្លួនជាអ្នកអភិវឌ្ឍអចលនទ្រព្យ ឈានមុខគេចំពេលមានវិបត្តិដែលកំពុងបន្ត។

ដូចគ្នានេះដែរ ក្រុមហ៊ុនរដ្ឋចិន Shekou Industrial Holdings មានការកើនឡើង ១,៦% នៅទីក្រុង Shenzhen កាលពីថ្ងៃចន្ទទី១៤សីហា ដោយបិទនៅតម្លៃ ១៣,៧២ យ័ន ។ ចំណែកឯ ការលក់តាមកិច្ចសន្យារបស់ក្រុមហ៊ុន China Merchants Group ដែលគ្រប់គ្រងដោយរដ្ឋ ក៏មានការកើនឡើងយ៉ាងខ្លាំង គឺរហូតដល់ ៣០,៧% នៃអត្រាប្រចាំឆ្នាំ សម្រាប់រយៈពេល ៧ ខែដំបូងដែលស្មើនឹង ១៨៦,៥៦ ពាន់លានយន់។ ការវិនិយោគបន្ថែម ក្នុងតម្លៃ ២,៤២ ពាន់លានយ័ន ទៅទិញដីនៅទីក្រុងសៀងហៃ និងហាំងចូវ បានគូសបញ្ជាក់បន្ថែមអំពីភាពធន់របស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។

“ក្រុមហ៊ុនទាំងនេះ មានគុណផលល្អដោយសារតែមានទំនាក់ទំនងជាមួយរដ្ឋ ជាពិសេសជាមួយបុគ្គលដែលមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាល ជាឧទាហរណ៍ក្រុមហ៊ុន Poly Developments ជាភស្តុតាង” នេះបើយោងតាមលោក Jin Luyu ដែលជា អ្នកវិភាគនៅ Industrial Securities។

ការវិវត្តផ្ទុយគ្នា ពោលគឺមានការធ្លាក់ចុះសម្រាប់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជន ហើយមានការកើនឡើងសម្រាប់ក្រុមហ៊ុនភ្ជាប់នឹងរដ្ឋនេះ បង្ហាញពីភាពផុយស្រួយ និងភាពស្មុគស្មាញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលវាសនារបស់ក្រុមហ៊ុនផ្សេងៗគ្នា ហាក់ត្រូវបានញាក់ទៅតាមគោលនយោបាយសេដ្ឋកិច្ច ទីតាំងទីផ្សារ និងនិន្នាការសេដ្ឋកិច្ចពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]