វិស័យអចលនទ្រព្យនៅកោះត្រល់ ឬPhu Quoc កំពុងជួបបញ្ហា ផ្គត់ផ្គង់លើសតម្រូវការ
កោះត្រល់ ឬកោះ Phu Quoc ដែលគេប្រសិទ្ធនាមថាជាត្បូងនៃសម្រស់ធម្មជាតិ និងឆ្នេរ ទេសចរណ៍ល្អបំផុតរបស់វៀតណាម កំពុងជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន។
គិតត្រឹមខែមិថុនា អចលនទ្រព្យជាប់មាត់សមុទ្រទាំងអស់លើកោះនេះ ដែលមានជាង ១៧.៦០០កន្លែង ស្មើនឹង ២៤% នៃវីឡា ផ្ទះអាជីកម្ម និងខុនដូមាត់សមុទ្រដែលលក់មិនដាច់ទាំងអស់របស់វៀតណាម បានបង្ហាញរូបភាពច្បាស់លាស់ពីការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ យោងតាមការផ្សាយរបស់សារៈព័ត៌មានវៀតណាម e.vnexpress.net កាលពីថ្ងៃទី ១៦ ខែថ្មីៗនេះ។
កំណើននៃការផ្គត់ផ្គង់នេះ ត្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំ ៧០-៨០% ដែលជាសញ្ញាបង្ហាញពីតម្រូវការសម្រាប់ការកែតម្រូវឡើងវិញនៅក្នុងឧស្សាហកម្មមួយនេះ។
យោងតាមអ្នកជំនាញបានឱ្យដឹងថា មូលហេតុចម្បងនៃការធ្លាក់ចុះទីផ្សារ និងការកើនឡើងនៃសារពើភ័ណ្ឌអចលនទ្រព្យនេះ គឺមកពីមានការផ្គត់ផ្គង់ដ៏ច្រើន និងកង្វះភាពសម្បូរបែប ក្នុងចំណោមអចលនទ្រព្យភាគច្រើន។
ជាក់ស្តែងក្នុងឆ្នាំ ២០១៩ អចលនទ្រព្យជាប់ឆ្នេរមានជាង ៤.០០០កន្លែង ដែលកើនឡើងប្រាំដងធៀបនឹងឆ្នាំមុន។ លោក Mauro Gasparotti នាយកនៃ Savills Hotels Asia-Pacific បានសង្កត់ធ្ងន់ទៅលើការផ្គត់ផ្គង់ដ៏លើសលុប និងគួរឱ្យព្រួយបារម្ភនៅលើកោះ ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្ម។ លើសពីនេះ អចលនទ្រព្យជាច្រើនខ្វះលក្ខណៈពិសេស ដែលជារឿយៗឆ្លុះបញ្ចាំងពីរចនាបថស្ថាបត្យកម្មអ៊ឺរ៉ុប ព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។
ក្រុមហ៊ុន DKRA ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យវៀតណាម ដ៏លេចធ្លោមួយបានគូសបញ្ជាក់ពីភាពមិនស៊ីសង្វាក់គ្នាសំខាន់មួយថា៖ “ល្បឿននៃការអភិវឌ្ឍន៍គម្រោងទេសចរណ៍បានលើសពីកំណើននៃចំនួនភ្ញៀវទេសចរចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ បច្ចុប្បន្ន កោះត្រល់ ឬកោះ Phu Quoc មានគម្រោងវិនិយោគទេសចរណ៍ចំនួន ២៨៦ គម្រោងនៅលើផ្ទៃដីទំហំ ៩.៦០០ហិកតា ដែលទាមទារការវិនិយោគចំនួន ៣៧៥ពាន់ពាន់លានដុង (១៥,៩ ពាន់លានដុល្លារ)។”
យោងតាមក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Phu Quoc បានឱ្យដឹងថា ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងចំនួន ៤៧ ត្រូវបានបញ្ចប់ទាំងស្រុង ខណៈ ៧៨ គម្រោងកំពុងសាងសង់ ហើយគម្រោងដែលនៅសល់កំពុងដំណើរការនីតិវិធីវិនិយោគចុងក្រោយ។
លោក Vo Hong Thang នាយករងផ្នែក R&D នៃក្រុមហ៊ុន DKRA Vietnam គូសបញ្ជាក់ការពិតមួយថា “សូម្បីតែក្នុងរដូវកាលបុណ្យទាន ក៏សណ្ឋាគារ ផ្ទះវីឡា និងសណ្ឋាគារខ្នាតតូចទទួលបានអត្រាស្នាក់បានត្រឹមតែ ២៨% ទៅ ៣២%ប៉ុណ្ណោះ ហើយភាគច្រើនជា ភ្ញៀវទេសចរក្នុងស្រុក។”
លោកបន្ថែមថា “នៅពេលដែលអត្រាស្នាក់នៅធ្លាក់ចុះក្រោមកម្រិត ៣០% ធ្វើឱ្យអ្នករកស៊ីបានប្រាក់ចំនេញតិចតួចស្តួចស្តើង គឺបានពី ០,៥% ទៅ ១%ប៉ុណ្ណោះ។”
លោក Thang ព្យាករថា “យ៉ាងហោចណាស់ ត្រូវការពេលបីឆ្នាំ ដើម្បីឱ្យទីផ្សារអចលនទ្រព្យជាបមាត់សមុទ្រ Phu Quoc ងើបឡើងវិញ៕”
- Video Advertisement -