វៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។​

អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។

ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ ក្នុងអំឡុងពេលស្នាក់នៅ លោកប្រធានាធិបតី Biden បានជួបពិភាក្សាជាមួយអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និង អ្នកដឹកនាំផ្សេងជាច្រើនរូបទៀត។ កិច្ចពិភាក្សារបស់ពួកគេបានផ្តោតសំខាន់លើការជំរុញសេដ្ឋកិច្ចវៀតណាមដែលជំរុញដោយបច្ចេកវិទ្យា និងដោះស្រាយបញ្ហាស្ថិរភាពក្នុងតំបន់ នេះបើយោងតាមសេចក្តីរាយការណ៍ពីសេតវិមាន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាមបានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង ដោយកសាងភាពជាដៃគូដែលមានស្រាប់ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣។ ដូចដែលលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានកត់សម្គាល់ថា “ការកើនឡើងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ឆ្លុះបញ្ចាំងពីការពិតបច្ចុប្បន្ននៃផលប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចដែលប្រទេសទាំងពីរកំពុងត្រូវការគ្នាដើម្បីភាពរីកចម្រើន។”

ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញថា ការនាំចូលរបស់អាមេរិកពីវៀតណាមមានចំនួនជិត ១២៧,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើងពី ១០១,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និង ៧៩,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។ ការកើនឡើងនៃពាណិជ្ជកម្មនេះ បានជំរុញឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៨ របស់អាមេរិកនៅឆ្នាំ ២០២២ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ពីចំណាត់ថ្នាក់ទីដប់របស់ខ្លួនកាលពីកំឡុងពេលពីរឆ្នាំមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]