លទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ

នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតឹងតែងដោយវិបត្តិធំៗជាពិសេសសង្គ្រាមពាណិជ្ជកម្មនិងនយោបាយ។

លោក បៃដិន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា “យើងត្រូវតែធានាថាការប្រកួតប្រជែងគ្នា នឹងមិនក្លាយជាជម្លោះ។ បញ្ហាប្រឈមសកលដ៏សំខាន់ដែលយើងប្រឈមមុខ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។

លោក ស៊ី បានឆ្លើយតបថា “សម្រាប់ប្រទេសធំៗទាំងពីរដូចជាចិន និងសហរដ្ឋអាមេរិកនេះ ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ។ ផែនដីនេះ មានទំហំធំល្មមសម្រាប់ប្រទេសទាំងពីរសម្រេចជោគជ័យជាមួយគ្នា។”

ជាលទ្ធផល កិច្ចប្រជុំកំពូលនេះ បានដោះស្រាយបញ្ហាសំខាន់ៗដូចជាការទប់ស្កាត់ការចរាចរសារធាតុ fentanyl ការធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត និងការដោះស្រាយការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិនជាដើម។

ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀង និងសមិទ្ធផលសំខាន់ៗមួយចំនួនខាងក្រោម៖

១. ការកែលម្អទំនាក់ទំនងចិន-អាមេរិក៖ កាលពីសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហានៃការប្រព្រឹត្តិមិនស្មើភាពគ្នាចំពោះធុរកិច្ចបរទេស ក្នុងគោលបំណងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចពីការប្រកួតប្រជែងទៅជាការរួមរស់ជាមួយគ្នាឡើងវិញ។

លោកស្រី Low Minmin អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ទីក្រុង​សៀងហៃ​របស់សារៈព័ត៌មានចិន CAN រាយការណ៍កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា៖

ចិន កំពុងព្យាយាមផ្លាស់ប្តូរការសន្ទនា និងរបៀបទំនាក់ទំនង ដោយធ្វើឱ្យសហរដ្ឋអាមេរិកមើលឃើញថាខ្លួនមិនមានចេតនាចង់ប្រកួតប្រជែង ប៉ុន្តែជាប្រទេសមួយដែលចង់រួមរស់ជាមួយគ្នា“។

លោកស្រីបានបន្ថែមថា “ត្រីមាសចុងក្រោយនេះ វិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិនមានភាពអវិជ្ជមានជាលើកដំបូងក្នុងរយៈពេលឆ្នាំ២៥ មានន័យថាក្រុមហ៊ុនបរទេសកំពុងដកយកលុយចេញ ច្រើនជាងពួកគេដាក់ចូលទៅក្នុងប្រទេសចិន។ លើសពីនេះយើង (ចិន) មានទីផ្សារអចលនទ្រព្យមិនដំណើរការល្អទេ។ ភាពអត់ការងារធ្វើរបស់យុវជនមានកំរិតខ្ពស់ ដូច្នេះជារួម ស្ថានភាពនេះមិនមែនជាពេលវេលាល្អទេក្នុងការមានទំនាក់ទំនងអរិភាពជាមួយអាមេរិក“។

លោកស្រីបានបន្ថែមថា “ហើយយើង មើលឃើញថាប្រទេសចិនកំពុងព្យាយាមជំរុញក្រុមហ៊ុនបរទេសទាំងនេះឱ្យដាក់ប្រាក់របស់ពួកគេត្រឡប់ទៅប្រទេសចិនវិញ។ នោះហើយជាមូលហេតុដែលលោកប្រធានាធិបតី Xi បានរៀបចំទទួលទានអាហារពេលល្ងាចជាមួយនាយកប្រតិបត្តិក្រុមហ៊ុនកំពូលៗរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់” ។

លោក Simon Marks អ្នកឆ្លើយឆ្លងព័ត៌មាន CNA រាយការណ៍ចេញពីទីក្រុងវ៉ាស៊ីនតោន បានបន្ថែមថា “នាយកប្រតិបត្តិ និងពាណិជ្ជករមួយចំនួនទាំងនេះ ថែមទាំងបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីឱ្យបានចូលរួមអាហារពេលល្ងាចជាមួយប្រធានាធិបតី Xi ថែមទៀតផង។ នេះបង្ហាញពីការសន្ទនាដ៏សំខាន់មួយ រវាងធុរជនអាមេរិកនិងអ្នកនយោបាយចិន…” ។

២. កិច្ចសហប្រតិបត្តិការអាកាសធាតុ៖ នៅប៉ុន្មានម៉ោងមុនកិច្ចប្រជុំកំពូល ទាំងសហរដ្ឋអាមេរិក និងចិនបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុ។ ការបន្ស៊ីគ្នាលើការព្រួយបារម្ភជាសកលនេះ បញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

៣. ការបន្តការហោះហើរត្រង់៖ ការហោះហើរត្រង់បន្ថែមទៀតរវាងសហរដ្ឋអាមេរិក និងចិនកំពុងដំណើរការឡើងវិញ ដែលជាការកត់សម្គាល់ជំហានវិជ្ជមានឆ្ពោះទៅរកការបង្កើតទំនាក់ទំនងទៀងទាត់ឡើងវិញរវាងមហាអំណាចទាំងពីរ។

៤. កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ កាលពីខែមុន អ្នកនាំចូលទំនិញរបស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងដែលបានផ្អាកចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកយ៉ាងច្រើន។ លើសពីនេះ មានការរំពឹងទុកថា រដ្ឋាភិបាលចិនអាចនឹងប្រកាសពីការប្តេជ្ញាចិត្តក្នុងការបន្តការទិញយន្តហោះប្រភេទ Boeing 737 Max ពីអាមេរិកឡើងវិញ ដែលអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

គួររំលឹកថានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Xi ទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៧ មក ដែលកាលណោះលោកបានទៅជួបលោកប្រធានាធិបតី Donald Trump នៅរដ្ឋហ្វ្លរីដា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]