OCIC សម្រេចជ្រើសក្រុមហ៊ុនលំដាប់ពិភពលោក ឱ្យមកគ្រប់គ្រងសេវាលក់រាយនៅព្រលានថ្មីនៅភ្នំពេញ
ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការត្រួសត្រាយផ្លូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា បានប្រកាសពីកិច្ចសហការដ៏សំខាន់ជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្មលក់រាយមិនជាប់ពន្ធ (Duty Free Services) នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនាពេលខាងមុខ។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រ ដែលមានគោលបំណងកំណត់ឡើងវិញនូវបទពិសោធន៍គ្រប់គ្រងហាងលក់រាយនៅតាមព្រលានយន្តហោះ និងការលើកកម្ពស់ការតភ្ជាប់ជាសកលសម្រាប់កម្ពុជានេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤។ (អានបន្ថែម)
សម្ព័ន្ធភាពធុរកិច្ចដែលដឹកនាំដោយក្រុមហ៊ុន Lagardère Travel Retail និង HSC Group បានជាប់ការដេញថ្លៃក្នុងពិធីដេញថ្លៃផ្លូវការនៅទីក្រុងប៉ារីស មុនពេលចាប់ផ្តើមនៃការចរចាផ្តាច់មុខ។ ក្នុងពិធីនោះ លោកស្រី លឹម លីណា អនុប្រធានក្រុមហ៊ុន CAIC និង OCIC Group រួមជាមួយនឹងលោកស្រី Dag Rasmussen នាយកប្រតិបត្តិក្រុមហ៊ុន Lagardère Travel Retail លោក Séverine Lanthier ប្រធានផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍របស់ Asia COO & Global និងក្រុមហ៊ុន Lagardère Travel Retail និងលោក សុខ ហុង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន HSC Group បានចុះហត្ថលេខាលើលិខិតទទួលជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤។
លោកឧកញ៉ា Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Company បានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយបញ្ជាក់ថា “តាមរយៈកិច្ចសហការរបស់យើងជាមួយ Lagardère Travel Retail និង HSC Group ក្នុងនាមជាក្រុមហ៊ុនសម្បទានិកក្នុងការផ្គត់សេវាគ្មានកាតព្វកិច្ចរបស់យើង យើងរំពឹងថានឹងទទួលបានតម្លៃបន្ថែមដ៏សំខាន់សម្រាប់អ្នកហោះហើរញឹកញាប់ដែលធ្វើដំណើរទៅ និងមកពីរាជធានីភ្នំពេញ។ យើងមានទំនុកចិត្តថាគំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញកំណើននៃវិស័យទេសចរណ៍របស់រាជធានីភ្នំពេញ និងរួមចំណែកដល់ការបង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាននាពេលអនាគតដ៏ខ្លីខាងមុខ។”
ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ OCIC Group ក្នុងការកសាងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដើម្បីឧទ្ទិសដល់ដំណាក់កាលដំបូងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក Séverine Lanthier តំណាងក្រុមហ៊ុន Lagardère Travel Retail បានធ្វើការកត់សម្គាល់ថា “ក្រុមហ៊ុនLagardère Travel Retail ប្តេជ្ញាធ្វើឱ្យការធ្វើដំណើររបស់ភ្ងៀវធ្វើដំណើរដែលមកដល់ព្រលានយន្តហោះថ្មីនេះកាន់តែមានភាពសប្បាយរីករាយ។ យើងទន្ទឹងរង់ចាំឱកាសក្នុងការបង្កើនបទពិសោធន៍ថ្មីសម្រាប់អ្នកដំណើរកម្ពុជា អាស៊ីខាងត្បូង និងពីអន្តរជាតិ ដោយការវិនិយោគចំណេះដឹងសកល និងជំនាញក្នុងស្រុករបស់យើងនៅ ព្រលានយន្តហោះអន្តរជាតិតេជោ។”
លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការណែនាំការច្នៃប្រតិដ្ឋថ្មីសម្រាប់បង្កើនបទពិសោធន៍របស់អតិថិជន ដោយលើកឡើងថា “ជំនាញ និងបណ្តាញអន្តរជាតិដែលអ្នកដំណើរនឹងទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ នឹងប្រែក្លាយប្រទេសកម្ពុជាជាតួអង្គដ៏សំខាន់មួយនៅលើឆាកតំបន់អាស៊ី”។
គួររំលឹកថា ក្រុមហ៊ុន Lagardère Travel Retail ដែលភាគីកម្ពុជាសហការជាមួយនេះ ជាក្រុមហ៊ុនយក្សលំដាប់ពិភពលោកដែលកំពុងប្រតិបត្តិការក្នុងប្រទេសចំនួន៤២ ហើយកាលពីក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុននេះ រកចំណូលបាន ៥ពាន់លានអឺរ៉ូ។ សម្រាប់នៅតំបន់អាស៊ី ក្រុមហ៊ុននេះ មានហាងលក់ទំនិញដល់ទៅ ២៥០ហាង។ កិច្ចសហការអនាគតរវាង OCIC ជាមួយក្រុមហ៊ុននេះ នឹងជំរុញការរីកសាយនៃយីហោ (Brand)ថ្មីៗទាំងក្នុងស្រុក ថ្នាក់តំបន់ និងអន្តរជាតិ៕
- Video Advertisement -