សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់
ច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័ត និងចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។
រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។
ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យ ឬជាប្រជាពលរដ្ឋធម្មតានោះទេ គឺចាំបាច់យើងត្រូវចេះដឹង និងស្វែងយល់គ្រប់គ្នា ព្រោះអ្នកណាក៏មានផ្ទះ ឬសាងសង់ផ្ទះដើម្បីរស់នៅដែរ។ ម្យ៉ាងវិញទៀតតាមរយៈសិក្ខាសាលានេះក៏បានជួយបង្ហាញ និងផ្តល់ចំណេះដឹងឱ្យយើងចេះដឹងអំពីច្បាប់ស្តីពីសំណង់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធសំណង់ ដែលទើបបានអនុម័តនិងដាក់ឱ្យអនុវត្ត ស្របទៅនឹងបរិបថនៃការរីកចម្រើន និងការអភិវឌ្ឍន៍លើវិស័យសំណង់នាពេលបច្ចុប្បន្ន។
ឯកឧត្តម លាង មុនីរិទ្ធ បានបញ្ជាក់បន្ថែមថា ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័យបែបនេះ ចាំបាច់តម្រូវឱ្យមានបទដ្ឋាន និងបទប្បញ្ញត្តិបច្ចេកទេសជាច្រើនបង្កើតឡើងដើម្បីជាមូលដ្ឋានផ្នែកបច្ចេកទេសសាងសង់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនលើវិស័យសំណង់។ ហើយ ឯកឧត្តមក៏បានអំពាវនាវដល់សមាជិករបស់សមាគមទាំងអស់ដែលជាធុរកិច្ចជនលើវិស័យសំណង់និងអចលនទ្រព្យ ត្រូវគោរពប្រតិបត្តិតាមច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាដើម្បីឱ្យសំណង់មានគុណភាព និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់សំណង់គ្រប់ៗគ្នា។
ចំណាយពេលអស់ពេញមួយព្រឹក កម្មវិធីសិក្ខាសាលាដែលរៀបចំដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមជាមួយនឹងមន្រ្តីជំនាញចំនួន ៥រូប បានឡើងធ្វើបទបង្ហាញ និងពន្យល់លម្អិតអំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ទៅតាមប្រធានបទ ដូចខាងក្រោម៖
១. ច្បាប់ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសំណង់ និងការគ្រប់គ្រងការអភិវឌ្ឍន៍វិស័យសំណង់ ធ្វើបទបង្ហាញដោយលោក យ៉ាន់ វ៉ាន់ឌឺលុច អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់។
២. បែបបទ និងនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់ និងពន្យល់អំពីប្រភេទសំណង់ដែលចាំបាច់ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងសំណង់ដែលមិនតម្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ ធ្វើបទបង្ហាញដោយលោក ឈុត សៅ អនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់។
៣. បែបបទ និងនីតិវិធីស្នើសុំ និងការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ ដូចជាក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ធ្វើបទបង្ហាញដោយលោក សូត្រ ពង្សវិចិត្រ ប្រធានការិយាល័យអាជីវកម្មនៃនាយកដ្ឋានសិក្សាគម្រោងប្លង់។
៤. បែបបទ និងនីតិវិធីនៃការស្នើសុំ និងការផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ធ្វើបទបង្ហាញដោយលោកស្រី សោម កូឡាប អនុប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់។
៥. បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ធ្វើបទបង្ហាញដោយលោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់។

- Video Advertisement -