រដ្ឋប្រកាសបើកឱ្យប្រើជាបណ្តោះអាសន្ននូវស្ពានខ្ពស់បំផុតនៅកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនៅសប្ដាហ៍ក្រោយនេះ
រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។
នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ (អានបន្ថែម)
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គិតត្រឹមបំណាច់ខែមីនា ផ្លូវនេះ សាងសង់សម្រេចបានជាង ៩៦% ហើយ។ (អានបន្ថែម)
ការបើកជាបណ្តោះអាសន្ននេះ ផ្តល់ឱកាសពិសេសមួយសម្រាប់ទាំងអ្នកស្រុក និងអ្នកទេសចរក្នុងការរីករាយជាមួយហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងអំឡុងពេលដ៏រីករាយបំផុតមួយរបស់កម្ពុជា។

- Video Advertisement -