កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន

 

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ ១,១៥៦ពាន់លានដុល្លារ អមជាមួយនិងកិច្ចសន្យា ចំនួន ៥ច្បាប់ទៀត ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ជាផ្លូវការហើយ។

កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)​ ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់គម្រោងដ៏មានមហិច្ឆតា។

កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ នេះ​ រួមមាន៖ (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

គួរបញ្ជាក់ថា ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ (អានបន្ថែម)

ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣០០០ DWT។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។

គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះ មានគោលបំណងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធានទឹកក្នុងតំបន់ ជំរុញកំណើនសេដ្ឋកិច្ច និងការកែលម្អការតភ្ជាប់ទូទាំងខេត្តដែលពាក់ព័ន្ធ។ ជាមួយនឹងមូលដ្ឋានគ្រឹះដែលបានដាក់តាមរយៈកិច្ចព្រមព្រៀងទាំងនេះ ភាគីពាក់ព័ន្ធមានសុទិដ្ឋិនិយមចំពោះអនាគតនៃគម្រោងព្រែកជីកហ្វូណនតេជោ និងផលប្រយោជន៍របស់វាទៅលើទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]