ក្លិបធុរកិច្ចម៉ាកាទី មកពីហ្វីលីពីន ប្តេជ្ញាជំរុញសកម្មភាពពាណិជ្ជកម្ម ជាមួយកម្ពុជាបន្ថែមទៀត

ក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) ប្រចាំទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន បានប្តេជ្ញាថា នឹង ជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺដើម្បីបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ជាមួយ លោក RAFAEL A.S.G ONGPIN នាយកប្រតិបត្តិក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង និងរបបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍនឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

ឆ្លៀតកឱកាសនោះ លោកស្រី ក៏បានស្នើសុំឱ្យមានកិច្ចសហការជាមួយក្លិបធុរកិច្ចម៉ាកាទី ក្នុងការជំរុញបន្ថែមនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងហ្វីលីពីន តាមរយៈការរៀបចំវេទិកាផ្គូរផ្គងធុរជននិងធុរជន ជាពិសេសនៅពេលដែលហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២៦។

ជាការឆ្លើយតប លោក RAFAEL A.S.G ONGPIN បានបង្ហាញក្តីរីករាយ និងប្តេជ្ញាពង្រឹងកិច្ចសហការសំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលដែលហ្វីលីពីនធ្វើជាប្រធានម្ចាស់ផ្ទះអាស៊ាន។

គួរបញ្ជាក់ថា ក្លិបធុរកិច្ចម៉ាកាទី ប្រចាំប្រទេសហ្វីលីពីន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ក្នុងគោលបំណងបង្កើតភាពប្រកួតប្រជែងរបស់ហ្វីលីពីន បង្កើតបរិយាកាសធុរកិច្ចល្អសម្រាប់បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនហ្វីលីពីន ដោយធ្វើការជាមួយអាជីវកម្ម រដ្ឋាភិបាល និងដៃគូផ្សេងទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្ប […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ស […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធ […]