ADB ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
ADB បញ្ជាក់ថា ការបន្ថយកំណើនសេដ្ឋកិច្ចកម្ពុជា គឺឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញរបស់អាមេរិក។ ទោះជាយ៉ាងណាក្តី មានការរំពឹងទុកអំពីកំណើនរឹងមាំរហូតដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។
ជាមួយគ្នានេះ យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB អតិផរណា ត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥។ កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨% ក្នុងឆ្នាំ២០២៥ និង ២,៦% ក្នុងឆ្នាំ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទី១ឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ វិស័យកសិកម្ម ក៏ត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១% ក្នុងឆ្នាំ២០២៥ និង ២០២៦។
គួរបញ្ជាក់ថា ក្រៅពី ADB កន្លងមក រដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ធនាគារពិភពលោក និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ក៏បានប្រកាសកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៥ និង២០២៦ ផងដែរ ។ (អានបន្ថែម, បន្ថែម, និងបន្ថែម)
គួររំលឹកថា កាលពីខែមេសា ឆ្នាំ ២០២៥ ADB បានបង្ហាញសុទិដ្ឋិនិយមខ្លាំងចំពោះទស្សនវិស័យរបស់កម្ពុជា ដោយលើកឡើងពីតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការរំពឹងទុកនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ការកែប្រែចុងក្រោយនេះ បានគូសបញ្ជាក់ពីហានិភ័យ និងបញ្ហាប្រឈមដែលសេដ្ឋកិច្ចកម្ពុជាកំពុងជួបប្រទះ។ (អានបន្ថែម)
- Video Advertisement -