នៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាយការណ៍​ថា​គោលដៅ​វាស់វែង​ឆ្នាំ 2025 បាន​បញ្ចប់ 95%

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ក្រសួងដែនដី បានកំណត់ផែនការវាស់វែងដីឲ្យបាន ៧.៦ លានក្បាលដី ប៉ុន្តែសម្រេចរហូតដល់ជាង ៥.៦៦ សែនក្បាលដីទៅហើយ នៅសល់តិចតួចនឹងបង្ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ។

សម្រាប់ឆ្នាំ ២០២៥ គិតត្រឹមដំណាច់ខែតុលា ក្រសួងបានសម្រេចលទ្ធផលវាស់វែងដីសរុប ជាង ១ លានក្បាល ឬក៏ស្មើនឹង ៩៥% នៃផែនការ ដែលផែនការក្នុងឆ្នាំ ២០២៥ មានជាង ១ លានក្បាលដី។ ក្បាលដីដែលនៅសល់មិនទាន់បានវាស់វែង មានជាង ៥ ម៉ឺនក្បាលដី ក្នុងនោះមាននៅខេត្តរតនគិរី ខេត្តកោះកុង ខេត្តកំពត និងរាជធានីភ្នំពេញ ខណៈដែលខេត្តចំនួន ២១ ផ្សេងទៀត បានបញ្ចប់ការវាស់វែងរួចទៅហើយ។

ទន្ទឹមនឹងលទ្ធផលនៃការចុះវាស់វែងដីធ្លី ក្រសួងរៀបចំដែនដី ក៏បានសម្រេចលទ្ធផលចុះបញ្ជី និងចេញជាបន្តបន្ទាប់ ជូនម្ចាស់កម្មសិទ្ធិដីធ្លី។ ក្នុងនោះ ក្បាលដីដែលត្រូវបានចុះបញ្ជីសរុបជិត ១៤ លានក្បាលដី ហើយបានចេញប័ណ្ណសរុបជិត ៩ លានក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិរួចរាល់ មានជាង ៨ លានក្បាលដីផងដែរ។

តាមរយៈប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ

នៅក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី កាលពីថ្ងៃទី ៤ ធ្នូ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ និងដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAIផងដែរ។

ដោយឡែកនៅក្នុងសន្និបាតបូកសរុបការងារ កាលពីពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថា គោលបំណងនៃការយុទ្ធនាការបញ្ចប់ការវាស់វែងដី និងចុះបញ្ជីរហូតដល់ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះ គឺដើម្បីបញ្ចប់ភាពចម្រូងចម្រាស និងភាពមិនច្បាស់លាស់នៃព្រំដី ដោយមិនចង់ឱ្យពលរដ្ឋនៅតែបន្តមានទំនាស់រឿងព្រំដីរ៉ាំរ៉ៃ តកូនតចៅទៀតនោះទេ។ ការបញ្ចប់ការវាស់វែងដី និងចេញប័ណ្ណជូនពលរដ្ឋ នឹងអាចឱ្យពួកគេរស់នៅសុខសាន្ត និងមានភាពសុខដុមរមនា រវាងគ្នា និងគ្នាតកូនតចៅ។ (អានបន្ថែម)

- Video Advertisement -