រោងចក្រទឹកស្អាតនៅខេត្តបាត់ដំបង អាចផលិតទឹក ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់រួច ១០០%
រោងចក្រថ្មីដែលមានសមត្ថភាពខ្ពស់ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ នឹងបង្កើនការផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តទ្វេដង តាមរយៈវិស្វកម្មទំនើបរបស់ចិន
រោងចក្រទឹកស្អាតថ្មីទី៣ខេត្តបាត់ដំបង មានសមត្ថភាពផលិតទឹកស្អាត ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៦ខាងមុខនេះ ខណៈបច្ចុប្បន្នសាងសង់សម្រេចបាន ១០០% ផងដែរ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង តាមរយៈប្រព័ន្ធផ្សពផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះ។
ឯកឧត្តម អ៊ុត ក្លឹង បានឱ្យដឹងថា រោងចក្រទឹកស្អាតទី៣ នៅកំពង់សីមា ខេត្តបាត់ដំបង គឺជារោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង គ្រោងនឹងដាក់ឱ្យដំណើរការចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង និងពង្រីកទៅកាន់តំបន់គោលដៅជុំវិញនៅដើមឆ្នាំ២០២៦ ខាងមុខ។
បើតាមរដ្ឋាករទឹកបាត់ដំបង រោងចក្រទឹកស្អាតទី៣ នៅកំពង់សីមា ខេត្តបាត់ដំបង សាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់ចិន CCECC។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី គឺស្ថិតក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕

