ADB ផ្តល់កម្ចី ៨២ លានដុល្លារ លើកកម្ពស់ផ្លូវមួយចំនួន ក្នុងខេត្តកណ្តាល និងព្រៃវែង

ធនាគារអភវិឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីប្រមាណ៨២លានដុល្លារ សម្រាប់គម្រោងកែលម្អ ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែងសរុប ៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។

សេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការកែលម្អការគ្រប់គ្រងផ្លូវ និង អភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព។

គម្រោងថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ ដើម្បីពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំង២។

ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន ១៤៧ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។

ដោយឡែក ការកែលម្អផ្លូវក្នុងដំណាក់កាលទី២ នេះ នឹងត្រូវធ្វើឡើងដោយមិនប៉ះពាល់ដល់បរិស្ថាន ហើយក៏នឹងរួមចំណែកការពារទំនប់ និងជម្រាលផងដែរ។

- Video Advertisement -