ADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដល់កម្ពុជាដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពសេដ្ឋកិច្ច ក្នុងទីក្រុងធំៗ ៣ នៃប្រទេសកម្ពុជារួមមាន ក្រុងបាវិត កំពត និង ប៉ោយប៉ែត។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃ១៩ ខែវិច្ឆិកា គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅទីក្រុងទាំង ៣ ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។

លើសពីនេះ គម្រោងនឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណងពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។

នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។

ដោយឡែក នៅក្រុងកំពត គម្រោងនឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។

លើសពីនេះ វាក៏នឹងជួយអជ្ញាធរក្រុងឱ្យទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។

- Video Advertisement -