រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។

ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។

សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។   ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។

ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ   លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។

ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។   បញ្ហាគឺនៅត្រង់ថា រដ្ឋបាលមូលដ្ឋានរបស់ប្រទេសចិន មានបន្ទុករួចហើយជាមួយនឹងបំណុលដ៏ច្រើន ដែលការណ៍នេះ បានចោទជាសំណួរអំពីសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងការចំណាយបន្ថែមទាំងនេះ។

សារព័ត៌មានអចលនទ្រព្យដ៏ល្បីរបស់ចិន China Real Estate Business ដែលជាកាសែតដែលគ្រប់គ្រងដោយក្រសួងលំនៅឋានរបស់ប្រទេស បានពិពណ៌នាវិធានការនេះថាជា “គោលនយោបាយជាប្រវត្តិសាស្ត្រដែលទទួលបន្ទុកធ្ងន់” សម្រាប់ដោះស្រាយវិបត្តិអចលនទ្រព្យ។

ការ​ប្រកាសអំពីវិធានការថ្មី​កាល​ពី​ថ្ងៃ​សុក្រ​នេះ កើត​ឡើង​ចំ​ពេល​មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ក្នុង​វិស័យ​អចលន​ទ្រព្យ។   ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃដដែលបានបង្ហាញពីវិបត្តិកាន់តែស៊ីជម្រៅ ដោយការវិនិយោគអចលនទ្រព្យក្នុងប្រទេស បានធ្លាក់ចុះប្រមាណ ៩,៨% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។   អត្រាការលក់អចលនទ្រព្យថ្មីក៏បានធ្លាក់ចុះយ៉ាងគំហុក ប្រមាណ  ២៨,៣% ក្នុងអំឡុងពេលនេះ ដែលបញ្ជាក់ពីភាពបន្ទាន់សម្រាប់ការធ្វើអន្តរាគមន៍ពីរដ្ឋ។ ថែមពីលើនេះ  តម្លៃ​ផ្ទះ​ ក៏​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ដប់​ខែ​ជាប់ៗ​គ្នា ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៤ មក។

អន្តរាគមន៍របស់រដ្ឋាភិបាល បានពង្រីកលើសពីការគ្រាន់តែឱ្យរដ្ឋបាលមូលដ្ឋានបញ្ជាទិញផ្ទះ។  ជាក់ស្តែង ធនាគារប្រជាជនចិន PBOC ដែលជាធនាការជាតិ បានអនុវត្តវិធានការបន្ថែមមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីជំរុញទីផ្សារលំនៅឋាន ​រួម​មាន៖

  1. ផ្តល់ឱ្យធនាគារនូវភាពបត់បែនកាន់តែច្រើនក្នុងការកំណត់អត្រាការប្រាក់បញ្ចាំ កាត់បន្ថយអប្បបរមាទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព។
  2. កាត់បន្ថយតម្រូវការបង់រំលោះអប្បបរមាសម្រាប់អ្នកទិញផ្ទះលើកទីមួយមកត្រឹម ១៥% និង ២៥%សម្រាប់អ្នកទិញលើកទីពីរ។
  3. កាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីមូលនិធិផ្តល់លំនៅឋាន ត្រឹម ០,២៥%។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ តំណាងឱ្យការឆ្លើយតបយ៉ាងទូលំទូលាយចំពោះវិបត្តិអចលនទ្រព្យដែលកំពុងបន្តក្នុងប្រទេសចិន។ ខណៈពេលវិធានការសម្រាប់ប្រសិទ្ធភាពរយៈពេលវែង នៅតែត្រូវបានគេរិះគន់ និងរង់ចាំមើលចំណាត់ការបន្ថែមពីរដ្ឋ ផលប៉ះពាល់ភ្លាមៗសម្រាប់រយៈពេលខ្លី គឺត្រូវបានគេមើលឃើញថាមានភាពវិជ្ជមាន ស្របជាមួយនឹងស្ថានភាពទីផ្សារភាគហ៊ុនរបស់ចិន កំពុងទទួលបានការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិនជាបណ្តើរៗ។   ភាពជោគជ័យនៃវិធានការទាំងនេះ នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ក្នុងប៉ុន្មានខែខាងមុខ ដើម្បីវាយតម្លៃផលប៉ះពាល់របស់វា លើស្ថិរភាពទីផ្សារអចលនទ្រព្យ និងជំរុញផ្លូវប្រកបដោយនិរន្តរភាពបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងបណ្តាប្រទេសនានាដែលទទួលរងឥទ្ធិពលពីសេដ្ឋកិច្ចចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]