Bentley បើកឱ្យប្រើsoftware ប្រព័ន្ធគ្រប់គ្រងអគារសំណង់បែបឌីជីថល ២ ដោយឥតគិតថ្លៃ ដល់ចុងខែកញ្ញា
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែកសេវាកម្មកម្មវិធីឬ software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល បានបើកឱ្យប្រើប្រាស់កម្មវិធី LEGION Simulator និង OpenBuildings Station Designer ដោយមិនគិតថ្លៃរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ នេះ ដើម្បីចូលរួមចំណែកបន្ធូបន្ថយចំណាយរបស់ម្ចាស់គម្រោងធំៗ។
ក្នុងកាលៈទេសៈគំលាតសង្គមបែបនេះ កម្មវិធី LEGION Simulator និង OpenBuildings Station Designer គឺមានសារៈសំខាន់ និងជួយដល់ម្ចាស់គម្រោងបានកាន់តែច្រើន ក្នុងការរៀបចំផែនការ រចនាប្លង់ និងជ្រើសរើសគ្រឿងបរិក្ខារនានាជាដើម។
ចំណុចពិសេសរបស់កម្មវិធីទាំង ២ នេះ គឺបង្កើតគំរូ3D ដែលមានចលនាវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចំលងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។
ឧទាហរណ៍ដូចជា បង្កើត និងវិភាគគំរូសកម្មភាពអ្នកប្រើប្រាស់ស្ថានីយ៍រថភ្លើង ឬ ព្រលានយន្តហោះ សកម្មភាពអ្នកដើរផ្សារទំនើប និងអ្នកចូលមន្ទីពេទ្យជាដើម។ លទ្ធផលនៃការវិភាគ នឹងជួយឱ្យម្ចាស់គម្រោងបត់បែន និងគ្រប់គ្រងចំណាយមានប្រសិទ្ធភាពជាងមុន។
លើសពីនេះ LEGION Simulator ក៏ជួយអ្នកប្រើប្រាស់ដោះស្រាយបញ្ហាប្រឈមក្នុងការធ្វើផែនការនិងប្រតិបត្តិការថ្មីៗ ជាច្រើនទៀតដូចជា បង្កើតសុពលភាពគំលាតសង្គមក្នុងគម្រោង ធានាការប្រើផ្ទៃគម្រោងឱ្យសមស្របទៅនឹងកាលៈទេសៈ និងកំណត់យុទ្ធសាស្ត្រសុវត្ថិភាពនិងផាសុកភាពផងដែរ។
លោក Ken Adamson អនុប្រធានផ្នែករចនាសមាហរណកម្មរបស់ Bentley បានឱ្យដឹងថា ៖ «យើងកំពុងជួបនឹងបញ្ហាដែលមិនធ្លាប់ជួបពីមុនមក តែយើងនឹងឆ្លងផុតពេលវេលាដ៏លំបាកនេះទៅជាមួយគ្នា។ ការបើកឱ្យប្រើ OpenBuildings Station Designer និង LEGION Simulator នឹងជួយឱ្យអ្នកធ្វើផែនការ ស្ថាបត្យករ វិស្វករ និងប្រតិបត្តិករ អនុវត្តវិធីសាស្រ្តគ្រប់គ្រងសំណង់បែបឌីជីថលកាន់តែមានប្រសិទ្ធិភាពនិងសុវត្ថិភាពជាងមុន»។
សម្រាប់ព័ត៌មានសម្អិតសូមចូលទៅកាន់គេហទំព័រ Bentley Systems ។
- Video Advertisement -