Casa Meridian បើកលក់ដំណាក់កាលទី២
បន្ទាប់ពីសម្ពោធបើកការដ្ឋានក្នុងខែមិថុនាឆ្នាំ ២០១៤ និងការបើកលក់អចលនទ្រព្យដំបូងរបស់ខ្លួន អាគារខុនដូភ្លោះ Casa Meridian បានបើកលក់ដំណាក់កាលទី២ របស់ខ្លួននៅចុងខែមករា សម្រាប់បន្ទប់ស្នាក់នៅ។
ការលក់យ៉ាងលឿននៃផ្ទះពាណិជ្ជកម្មចំនួន ៨៤ ល្វែង ជំរុញឲ្យមានការបើកលក់នូវខុនដូលំដាប់ផ្កាយប្រាំចំនួន ៥១២បន្ទប់ ដល់អតិថិជន ដែលក្នុងនោះមានប្រភេទ១ ទៅ ៣បន្ទប់គេង អមដោយការរចនាច្រើនបែប។
គម្រោងដែលសាងសង់ឡើងនៅលើផ្ទៃដីជាង ៦០០០ម៉ែត្រការ៉េ នៅកោះពេជ្រ ហើយដែលនឹងត្រូវចំណាយទឹកប្រាក់ ៧៥លានដុល្លារនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងដោយក្រុមហ៊ុន Meridian International Holding ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Meridian Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្រុមហ៊ុន Meridian Group នេះមានបទពិសោធន៍នៅក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងការអភិវឌ្ឍអចលនទ្រព្យ ៣ទសវត្សមកហើយ។ ការងារសាងសង់នេះជិតរួចរាល់ទាំងស្រុងហើយ ហើយគម្រោងនេះត្រូវបានគ្រោងនឹងបញ្ចប់នៅត្រឹមខែមិថុនាឆ្នាំ ២០១៧។
អាគារភ្លោះរបស់គម្រោងដែលមាន ៣៣ជាន់ (២ជាន់នៅក្រោមដី)នេះ មានផ្ទះពាណិជ្ជកម្មចំនួន ៨៤ល្វែង និង បន្ទប់ខុនដូចំនួន ៥១២បន្ទប់ ដែលមានតម្លៃចាប់ពី ៨០០.០០០ដុល្លារ ទៅដល់ជាង ១លានដុល្លារ។ ហាងស្ថិតនៅបួនជាន់ដំបូងនៃអាគារ ហើយបន្ទប់ខុនដូស្ថិតនៅចាប់ពីជាន់ទី ៥ ទៅទី ២៩ ចំណែកជាន់ទី ៣០ និង ៣១ ត្រូវបានបម្រុងទុកសម្រាប់ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងលេងរបស់កុមារ។ គម្រោងអភិវឌ្ឍន៍នេះក៏នឹងមានកន្លែងសម្រាប់ផ្សារទំនើប (ទំហំ ៦.៤៦៩ ម៉ែត្រការ៉េ) និងកន្លែងសម្រាប់អគារការិយាល័យ។
អាគារភ្លោះ CASA Meridian ត្រូវបានរចនាឡើងតាមគំនិតរបៀបចិន ដែលវានឹងនាំមកនូវគោលការណ៍ Geomancy (Feng shui) ជាលើកដំបូងមកក្នុងប្រទេសកម្ពុជា។ គោលការណ៍ការរចនាទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងការរចនាស្ថាបត្យកម្ម ដើម្បីធានាសុខុមាលភាពរបស់អ្នកកាន់កាប់អាគារ និងអ្នករស់នៅ។ ប៉មទាំងពីរគូនៃអាគារនេះតំណាងឲ្យកាក់ចបជីករបស់ជនជាតិចិនបុរាណ (និមិត្តសញ្ញានៃទ្រព្យសម្បត្តិ) ហើយនៅចន្លោះប៉មទាំងពីរគឺទំនេរ ដើម្បីទាញយកថាមពលវិជ្ជមាន (Qi) ហាក់ដូចជាច្រកទ្វារនាគនៅក្នុងសិល្បៈបុរាណចិនដូចនោះដែរ។ បើតាមនាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លោក Murray Ko ប្រជាជនខាងកើតភាគច្រើនបានជឿនៅក្នុង geomancy ឬ Feng Shui។
ក្រៅពីការផ្តល់ជូននូវសេវាផាសុខភាពនៅក្នុងផ្ទះជាច្រើនយ៉ាងសម្រាប់អ្នករស់នៅក្នុងខុនដូ អ្នកអភិវឌ្ឍន៍ក៏ផ្តល់ជូននូវសេវាពិសេសដល់អ្នកទិញគ្រប់ប្រភេទផងដែរ។ ក្រុមហ៊ុន Meridian Hospitality ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ និងដែលគ្រប់គ្រងដោយ Ascott Management គឺជាក្រុមហ៊ុនសឹង្ហបុរីមួយ ដែលជាប្រតិបត្តិករក្នុងការផ្តល់សេវាដល់អ្នករស់នៅក្នុងខុនដូធំជាងគេក្នុងពិភពលោក ព្រមទាំងអាចផ្តល់នូវការគ្រប់គ្រង និងសេវាកម្មឈ្មួញកណ្តាលនៃបន្ទប់ខុនដូសម្រាប់អតិថិជនផងដែរ។
Casa by Meridian មិនមែនជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតែមួយគត់របស់ក្រុមហ៊ុននោះទេ ពោលគឺមានគម្រោងទី២ ឈ្មោះថា Skylar Meridian ដែលមាន ៣៨៥បន្ទប់ និងតម្លៃ ៣០លានដុល្លារ ហើយដែលគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០១៨។ ចំណែកគម្រោងទីបីនៅក្នុងរាជធានីភ្នំពេញដែលមានគោលបំណងដើម្បីនាំយករបៀបរស់នៅហុងកុងមកកាន់ទីផ្សារកម្ពុជា នឹងត្រូវចាប់ផ្តើមនៅខែឧសភានៅបឹងកក់ ។ តាមរយៈការដាក់ប្រាក់ជាច្រើននៅលើទីផ្សារដ៏រឹងមាំនាពេលអនាគត ក្រុមហ៊ុន Meridian បានអះអាងថា ខ្លួនមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតផងដែរ៕

