GlobalData៖ វិស័យសំណង់នៅកម្ពុជាទទួលពិន្ទុល្អ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់

វិស័យសំណង់កម្ពុជា ស្ថិតក្នុងចំណាត់ល្អ ធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសន្ទស្សន៍ពិន្ទុកើនឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមដើមឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ GlobalData’s Construction Project Momentum Index។

របាយការណ៍ដដែលបង្ហាញថា ពិន្ទុផ្នែកសំណង់របស់កម្ពុជា មាន០,៨២ពិន្ទុ ក្នុងខែមករា កើនឡើងពី ០,៤៧ ពិន្ទុ កាលពីខែធ្នូ ឆ្នាំមុន។

បើកធៀបនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ដូចជាវៀតណាម កម្ពុជាគឺល្អជាង ព្រោះវៀតណាម មានពិន្ទុត្រឹមតែ ០,១៩ ប៉ុណ្ណោះ ព្រោះវិស័យសំណង់មានបញ្ហាច្រើន។

ដោយឡែក ពិន្ទុសម្រាប់អាស៊ីអាគ្នេយ៍ ជារួមគឺ ០,៥ ដែលទាបខ្លាំងបើកធៀបនឹងតំបន់ផ្សេងៗជុំវិញពិភពលោក ប៉ុន្តែស្ថានភាពកំពុងប្រសើរឡើង។

គួរបញ្ជាក់ថា GlobalData’s Construction Project Momentum Index ចាត់ពិន្ទុ ដោយផ្អែកលើការវិភាគលើគម្រោងសំណង់នីមួយៗរាប់ពាន់គម្រោងនៅជុំវិញពិភពលោក។

ពិន្ទុគឺស្ថិតនៅចន្លោះពី -៥ ដល់ ៥។ ពិន្ទុល្អ គឺដោយសារគម្រោងធ្វើទៅដោយរលូន គ្មានបញ្ហា គ្មានគ្រោះថ្នាក់ និងការបញ្ចប់តាមផែនការជាដើម ខណៈពិន្ទុមិនល្អគឺដោយសារលុបចោល ឬផ្អាកគម្រោង ការពន្យារពេល និងបញ្ហានានាផ្សេងៗ។

 

- Video Advertisement -