អគារបៃតង៖ ដំណោះស្រាយចំពោះវិស័យសំណង់ប្រកបដោយចីរភាព

ដោយសារតម្លៃដីធ្លីនៅក្នុងទីក្រុងធំៗ បាននិងកំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យអ្នកអភិវឌ្ឍន៍គម្រោងនានា ត្រូវតែបង្ខំចិត្តសាងសង់សំណង់ឲ្យពេញលើផ្ទៃដីនិងបានច្រើន តាមតែអាចធ្វើទៅបាន ក្នុងគោលបំណងដើម្បីយកបានផលចំណេញឲ្យបានច្រើនបំផុត។ ទង្វើនេះ បានក្លាយជាបញ្ហាចោទមួយដ៏សំខាន់ ដែលធ្វើឲ្យទីក្រុងពោរពេញទៅដោយអគារនិងផ្ទៃបេតុង ដោយឡែកបៃតងត្រូវបានកាត់បន្ថយបន្តបន្ទាប់។

បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីក្រុងធំ ៗនៅតំបន់អាស៊ីនាពេលបច្ចុប្បន្ន កំពុងជួបប្រទះបញ្ហាប្រឈមដូចជា ចរាចរណ៍កកស្ទះ ការបំពុលបរិយាកាស និងជាពិសេសកង្វះសួនច្បារនិងទីធ្លាបៃតង។

ទីក្រុងភ្នំពេញត្រូវបានគេវាយតម្លៃថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតំបន់បៃតងទាបជាងគេបំផុតសម្រាប់មនុស្សម្នាក់ៗក្នុងតំបន់អាស៊ាន ពោលគឺមានត្រឹមតែ ១,១ ម៉ែត្រការ៉េប៉ុណ្ណោះសម្រាប់មនុស្សម្នាក់តែប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហានេះ អ្នកយកព័ត៌មានទស្សនាវដ្ដីសំណង់និងអចលនទ្រព្យ បានជួបសម្ភាសន៍ជាមួយនឹង លោកស៊ឹន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា និងជាប្រធានក្រុមហ៊ុនគ្រុបហ្វរ ស្ថាបត្យករ និង វិស្វករ ដើម្បីពិភាក្សាពីតុល្យភាពរវាងកំណើននៃអគារខ្ពស់និងផ្ទៃបៃតងនៅទីក្រុងភ្នំពេញ។

តើអគារបៃតងគឺជាអ្វី?

និយមន័យនៃពាក្យ ‘Green ‘ គឺធំទូលាយណាស់ ។ ការដាំដើមឈើឬមានសួនច្បារតូចមួយនៅក្នុងផ្ទះ គឺជាការចាប់ផ្តើមមួយដ៏ល្អ ប៉ុន្តែនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃពាក្យថា Green។ ក្នុងនាមជាស្ថាបត្យករ “អគារបៃតង” មានន័យថាជាអគារទាំងឡាយណាដែល ទាំងការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់អគារនោះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ឬបង្កើតផលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថានរបស់យើង។ និយាយម៉្យាងទៀត គឺអគារដែលមានផលល្អដល់ធនធានធម្មជាតិក៏ដូចជាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។ អគារបៃតងត្រូវតែគោរពតាមលក្ខខណ្ឌដូចជា ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការពិចារណាលើបរិស្ថាន ការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ការរចនាប្លង់ដែលអាចសម្របខ្លួនបានទៅនឹងការផ្លាស់ប្តូរនៃអាកាសធាតុ ។ ល។

 

តើស្ថាបត្យករគួរមានតួនាទីអ្វីខ្លះក្នុងការរួមចំណែកបង្កើតតុល្យភាពនៃអគារបៃតង?

ក្នុងនាមជាស្ថាបត្យករឬវិស្វករ ពួកយើងដើរតួយ៉ាងសំខាន់ណាស់។ ប្រសិនបើផ្ទះរចនាឡើងមិនត្រឹមត្រូវ ផ្ទះនោះនឹងប្រើប្រាស់ថាមពលច្រើនលើសពីចាំបាច់។ ផ្ទះគឺក្ដៅគ្រប់ពេលវេលា ហើយយើងត្រូវតែបើកម៉ាស៉ីនត្រជាក់គ្រប់ពេលវេលាដែរ ដែលនេះជាការបង្កើនចំណាយ ហើយថែមទាំងបំពុលបរិស្ថានផងដែរ។ ដោយឡែក ប្រសិនបើផ្ទះនេះត្រូវបានរចនាត្រឹមត្រូវដោយមានចរន្តខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ សម្របទៅតាមទិសនៃកំដៅថ្ងៃ ផ្ទះនោះនឹងត្រជាក់ អ្នកនៅក្នុងផ្ទះក៏នឹងមិនសូវបើកម៉ាស៉ីនត្រជាក់ដែរ ហើយវានឹងប៉ះពាល់តិចជាងមុន។ នេះគឺជាឧទាហរណ៍មួយនៃអគារបៃតង។ លើសពីនេះ ខ្សែសង្វាក់សម្ភារសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏គឺជាផ្នែកសំខាន់មួយទៀត។ ប្រសិនបើយើងត្រូវកាត់ដើមឈើរាប់ពាន់ដើម ឬយកថ្មចេញពីលើភ្នំទាំងមូលដើម្បីសង់ផ្ទះឬអគារមួយ អគារនោះគឺមិនមែនជាអគារបៃតងនោះទេ។ នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាសហរដ្ឋអាមេរិក គឺគេមានភ្នាក់ងារមើលការខុសត្រូវនឹងវាយតម្លៃលើបញ្ហានេះតែម្ដង ។

 

តើប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះទាក់ទងនឹងបរិបទអគារបៃតងនេះ?

បញ្ហាប្រឈមធំបំផុតដែលមិនអាចប្រកែកបានសម្រាប់ប្រទេសកម្ពុជាគឺ កង្វះថវិកា កង្វះអ្នកជំនាញ និងកង្វះស្ថាប័នទទួលខុសត្រូវ។ កង្វះថវិការបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះគឺជាបញ្ហាមួយចំបង។ ប៉ុន្តែកន្លងមករដ្ឋាភិបាលក៏មិនបាននៅស្ងៀមដែរ ឧទាហរណ៍ដូចជាក្រសួងបរិស្ថានបាននិងកំពុងធ្វើការស្អិតរមួតលើបញ្ហានេះក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ ប៉ុន្តែបញ្ហានេះគឺយឺតយ៉ាវ ដោយសារតែបញ្ហាថវិកាគឺជាបញ្ហាធំ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់។

 

ក្នុងនាមជាស្ថាបត្យករ តើលោកគិតថាគួរតែមានដំណោះស្រាយយ៉ាងដួចម្ដេច?

ឧបសគ្គធំបំផុតដែលមនុស្សភាគច្រើនបានលើកឡើងទាក់ទងនឹងអគារបៃតង គឺរឿងការចំណាយខ្ពស់ជាងអគារធម្មតា។ នេះគឺជាការពិតមួយដែលមិនអាចប្រកែកបាន ព្រោះថាកម្ពុជាត្រូវនាំចូលផលិតផលសម្ភារសំណង់ជាច្រើនពីបរទេស ដែលមានតម្លៃខ្ពស់។ ទោះយ៉ាងណាក្ដី ខ្ញុំគិតថាអគារបៃតងគឺមិនចាំបាច់ត្រូវតែថ្លៃគ្រប់អគារនោះទេ។ សម្រាប់ប្រទេសកម្ពុជា យើងអាចចាប់ផ្តើមពីតូចៗសិន យើងមិនចាំបាច់ធ្វើតាមលក្ខខណ្ឌដូចដែលបានរៀបរាប់ខាងលើទាំងអស់នោះទេ។ យើងអាចចាប់ផ្តើមពីការរចនាល្អ ឧទាហរណ៍ដូចជាការមានចរន្តខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ និងសម្របទៅតាមទិសនៃកំដៅថ្ងៃជាដើម ការធ្វើបែបនេះ គឺមិនចំណាយច្រើននោះទេ។ ដំណោះស្រាយមួយទៀតគឺ សួនច្បារលើដំបូល ដូចនៅប្រទេសសិង្ហបុរី ដែលនេះគឺជាគំរូល្អដែរយើងគួរតែយកតម្រាប់តាម។ ម្យ៉ាងវិញទៀត ទោះបីជាអគារបៃតងអាចមានតម្លៃថ្លៃជាងអគារធម្មតាបន្ដិចក៏ពិតមែន ប៉ុន្តែខ្ញុំចង់ឲ្យទាំងអ្នកអភិវឌ្ឍន៍និងអ្នករស់នៅក្នុងលំនៅដ្ឋានផ្ទាល់យល់ដឹងសារជាថ្មីថា ចំណាយច្រើនបន្ដិចពេលសង់ផ្ទះ ប៉ុន្ដែគឺចំណាយតិចនៅពេលរស់នៅ។ ខ្ញុំគិតថានេះគឺជាចំណុចទាក់ទាញនិងលើកទឹកចិត្តដ៏ធំមួយ សម្រាប់ទាំងអ្នកអភិវឌ្ឍន៍និងអ្នករស់នៅក្នុងលំនៅដ្ឋាន ឲ្យងាកមកចូលរួមនិងយកចិត្តទុកដាក់បន្ថែមលើការបង្កើតអគារបៃតងឲ្យបានកាន់តែច្រើន ។

ទោះបីមានបញ្ហាប្រឈមយ៉ាងណាក្ដី លោកសុជាតិ នូវតែមានសុទិដ្ឋិនិយមយ៉ាងមុតមាំថាប្រទេសកម្ពុជានឹងផ្លាស់ប្តូរជាទីក្រុងបៃតងជាមិនខាន ប៉ុន្តែអាចត្រូវការពេលវេលាយូរបន្កិច ព្រោះនាពេលបច្ចុប្បន្ន ទាំងរដ្ឋាភិបាលនិងវិស័យឯកជន កំពុងមានទិសដៅតែមួយ ក្នុងគោលបំណងសម្រេចឲ្យបាននូវតុល្យភាពនិងចេរភាពការរីកចម្រើននៃសំណង់និងភាពបៃតងទៅព្រមៗគ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា

បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លងមកនេះថា រាល់ចំណេញមូលធន ដែលរួមទាំងចំណេញពីការលក់អចលនទ្រព្យ គឺត្រូវជាប់ពន្ធ ២០% ដោយគិតចាប់ពី ខែ មករា ឆ្នាំ ២០២២ នេះ មានការមន្ទិលសង្ស័យជាច្រើនពីសាធារណជនថាតើពន្ធថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច? ក្រុមហ៊ុនច្បាប់ឈានមុខគេ DFDL និងភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ៣០ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាមួយដើម្បីបំភ្លឺរាល់ចម្ងល់ជាច្រើនជាពិសេសផលប៉ះពាល់នៃពន្ធថ្មីនេះលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមវាគ្មិនដែលចូលរួមឆ្លើយសំណួររួមមាន លោក Clint O’Connell អគ្គនាយករង និងប្រធានផ្នែកពន្ធប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) លោក Charles Amar ប្រធានផ្នែកអចនទ្រព្យប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia និង លោក James Hodge នាយកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia។ នៅក្នុងវេទិកាសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងចម្ងល់ពន្ធចំណេញមូលធន និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជារវាងវាគ្មិន […]

នាទីស្វែងយល់ ភាគទី ៤១៖ ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ តើមានប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុអ្វីខ្លះនៅកម្ពុជា?

បទសម្ភាសន៍៖ស្វែងយល់ពីបំណុលបរទេសរបស់កម្ពុជានិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

កម្ពុជាមិនគួរបារម្ភណ៍ ខ្លាំងពេកទេចំពោះកម្ចីបរទេសសរុបប្រមាណជាជាង ២០% នេះបើយោងតាមការវិភាគ និងប្រសាសន៍អះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តី

គន្លឹះសំខាន់ៗក្នុងការជ្រើសរើសទិញលក់ដី

បច្ចុប្បន្នអ្នកទិញលក់ដីក្នុងស្រុកមួយចំនួនធំ កំពុងប្រឈមនឹងនិន្នាការនិងទំនោទិញដីតាមការបំប៉ោងរបស់ទីផ្សារ ឧទាហរណ៍ដូចជាករណីដែលតម្លៃដីនៅស្រុកកណ្តាលស្ទឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីប៉ុន្មានខែកន្លងមកនេះ

ជម្រើសរវាងផ្ទះមានស្រាប់ និងផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មី: តើជម្រើសមួយណាល្អបំផុត

សំណួរ៖ តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការទិញផ្ទះស្រាប់ នឹងផ្ទះក្នុងគម្រោង?

ពីអ្នក​ផ្គត់ផ្គង់ទៅអ​្នក​ផលិត៖ ទស្សនៈវិស័យអ្នកដឹកនាំទីផ្សារ

សម្រាប់​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ ខូ​អិ​ល​ធី​ឌី សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នឹង​មិនមាន​ឥទ្ធិពល​សំខាន់​ណាមួយ​លើ​អាជីវកម្ម​នោះទេ។ ជាក្រុមហ៊ុនជំនាញនាំមុខគេក្នុងប្រទេស​កម្ពុជាក្នុង​ការផ្គត់ផ្គង់​ឧបករណ៍អគ្គិសនី ឧបករណ៍​កសិកម្ម និង​សម្ភារ​វិស្វកម្ម​ប្រកបដោយ​គុណភាព ដែលបច្ចុប្បន្ន​ធ្វើការ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ជាង ១០ ម៉ាក និង​ចែកចាយ​មិន​ផ្តាច់មុខ ៥ ម៉ាក បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​ដំបូង​កាលពី​ជាង ២០ឆ្នាំមុន។ នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​កាន់តែ​ច្រើនឡើង​នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នក​ចែកចាយ​ទៅជា​អ្នក​ផលិត​ដំបូង​គេ​នូវ​ផលិតផល​ដែល​ខ្លួន​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា។