ក្រុមហ៊ុនជប៉ុនចង់នាំចូលគ្រឿងចក្រកែច្នៃសំរាមប្លាស្ទិកទៅជាបេតុងកៅស៊ូធ្វើផ្លូវនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន បានណែនាំ និងជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិចារណាប្រើប្រាស់គ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សារស្ដីពីរឿងនេះ ជាមួយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន និងគណៈប្រតិភូជប៉ុនកាលថ្ងៃទី២៥ ខែមករា កន្លងទៅ។

លោក Shu បានបញ្ជាក់ថា ជប៉ុនមានបំណងចង់នាំចូលបច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូមកកម្ពុជា ព្រោះវាសមស្របខ្លាំងសម្រាប់ស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ។ ការប្រើកៅស៊ូប្រភេទ AC គឺអាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល គាំទ្រលើគំនិតផ្ដួចផ្ដើមនេះ ព្រោះមិនត្រឹមតែជួយផលិតកៅស៊ូAC បានទេ តែថែមទាំងជួយថែរក្សាបរិស្ថានទៀតផង។

ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនទាន់មានការបែងចែកប្រភេទសំរាមច្បាស់លាស់ ដែលអាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់ និងផលិត។

«ក្រុមហ៊ុនគួរសិក្សាឱ្យបានលម្អិតលើបរិមាណប្លាស្ទិកនៅកម្ពុជាថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា។ ពិសេស តម្លៃកៅស៊ូ AC ដែលផលិតពីបច្ចេកវិទ្យានេះ មិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ(AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ។ លើសពីនេះ ក៏ត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ» ឯកឧត្តមបានបន្ដ។

- Video Advertisement -