កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបសាងសង់រួចរាល់ ត្រៀមដាក់សម្ពោធឆាប់ៗនេះ

រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ការស្ថាបនាកំពង់ផែទេសចរណ៍តម្លៃ ១,២លានដុល្លារ បានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ។

ពេលដាក់ឱ្យដំណើរការ កំពង់ផែនេះនឹងបម្រើដល់ការដឹកជញ្ជូនទេសចរណ៍ទៅកាន់កោះទន្សាយ និងទៅកាន់កំពង់ផែទេសចរណ៍ប្រទេសជិតខាង វៀតណាម។ នេះជាការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។

កំពង់ផែនេះអាចទទួលនាវាដឹកទេសចររហូតដល់ជិត ៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន។

កំពង់ផែនេះ ស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៥០០០ ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់ ១,២លានដុល្លារ ។

គួរបញ្ជាក់ថា នៅលើកោះទន្សាយ រដ្ឋបាលខេត្តកែប ក៏កំពុងសាងសង់កំពង់ផែទេសចរណ៍មួយដែលមានតម្លៃប្រមាណជិត៧លានដុល្លារ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ (អានបន្ថែម)

- Video Advertisement -