Multico ជួយនាំយកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាថែទាំផ្លូវថ្មីដល់ប្រទេសកម្ពុជា
តំណាងចែកចាយផលិតផល Wirtgen ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Multico MS (ខេមបូឌា) ខូអិលធីឌី បានរៀបចំសិក្ខាសាលាកាលពីថ្ងៃទី០១ សីហា ដើម្បីបង្ហាញពីបច្ចេកវិទ្យាថែទាំផ្លូវថ្មីដែលមានឈ្មោះថា Cold In-Place Recycling ខណៈដែលប្រទេសកម្ពុជាមានបំណងចង់លើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងម៉ាស៊ីន Wirtgen Group ក្រុមហ៊ុន Multico និង ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើឡើងនៅក្រសួងផ្ទាល់តែម្តង។
សាស្ត្រាចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ Stellenbosch បានមានប្រសាសន៍ថាបច្ចេកវិទ្យា Cold In-Place Recycling គឺជាការប្រើឡើងវិញនូវសមាសធាតុថ្នល់ដែលមានស្រាប់នៅលើចិញ្ចើមផ្លូវ ហើយវានឹងអាចធ្វើឲ្យគុណភាពផ្លូវនោះកាន់តែល្អ។
លោកពន្យល់ថា «មុនយើងធ្វើការកែច្នៃផ្លូវថ្នល់ឡើងវិញ យើងយកសមាសធាតុគំរូពីផ្លូវថ្នល់នោះ ដើម្បីមើលពីដំណើរការវត្ថុធាតុដើមដែលល្អបំផុត ដែលយើងហៅថា ការរួមបញ្ចូលគ្នា។ នៅពេលដែលយើងមានការរួមបញ្ចូលគ្នាហើយ យើងប្រើប្រាស់ព័ត៌មាននៃការរួមបញ្ចូលគ្នានោះដើម្បីប្រើទៅលើផ្លូវ»។
Wirtgen គ្រុប និង ដៃគូសហការ Loudon International គឺជាអ្នកដែលមានជំនាញខាងបច្ចេកទេសនិង មានចំណេះដឹងខាងការកែច្នៃចិញ្ចើមផ្លូវសម្រាប់ការប្រើប្រាស់ឡើងវិញ។
លោក Huang Weijie អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍពាណិជ្ជកម្មរបស់ក្រុមហ៊ុន Multico បានមានប្រសាសន៍ថា ការប្រើប្រាស់សមាសធាតុដែលមានស្រាប់នៅលើថ្នល់ គឺជាវិធីដែលល្អបំផុត សម្រាប់ស្រទាប់ផ្លូវទាំងនោះអាចយកមកប្រើប្រាស់ដើម្បីធ្វើថ្នល់ឡើងវិញ ហើយជាប់ធន់បានយូរអង្វែង និង ចំណាយតិច។
សាស្ត្រាចារ្យ Kim បានពន្យល់ថា៖ «បន្ទាប់មកធនធានផ្សេងទៀតដែលយើងត្រូវការរួមមាន៖ ម៉ាស៊ីនកែច្នៃឡើងវិញ រ៉ូឡូ រថយន្តបាញ់ជ័រកៅស៊ូ ការផ្គត់ផ្គង់ទឹក ដូច្នេះអ្នកមានខ្សែសង្វាក់ផលិតកម្មទាំងមូលនៃឧបករណ៍ផ្សេងៗគ្នាសម្រាប់ធ្វើការកែច្នៃផ្លូវឡើងវិញ» ។
ឯកឧត្ដមស៊ុល ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូនបានស្វាគមន៍បច្ចេកវិទ្យាថ្មីនេះ។ ឯកឧត្ដមបានលើកឡើងថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្ត យើងមានសិក្ខាសាលាដែលអ្នកចូលរួមអាចរៀនពីរបៀបថែរក្សាផ្លូវថ្នល់របស់យើង»។
ការស្តារផ្លូវថ្នល់ឡើងវិញដោយប្រើបច្ចេកវិទ្យា Cold In-Place Recycling គឺប្រើប្រាស់វត្ថុធាតុដើមតិច ហើយជាប់ធន់បានយូរ។ លោក Huang Weijie បានបន្ថែមថា វិធីសាស្ត្រនេះគឺគិតគូរដល់បរិស្ថាន និង សន្សំសំចៃ។
លោកបន្តថា៖ «ជាមួយនឹងការសន្សំសំចៃ និង ដំណើរការបែបនេះ ផ្លូវនៅកម្ពុជាអាចត្រូវបានកែលម្អឲ្យប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និង សង្គមដល់អាជីវកម្ម និង ប្រជាពលរដ្ឋនៅកម្ពុជា»។
ក្រុមហ៊ុន Multico MS (ខេមបូឌា) ស្ថិតនៅក្រោមក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប និង ក្រុមហ៊ុន Multico គ្រុប ជាតំណាងចែកចាយនៅកម្ពុជារបស់ផលិតផល Wirtgen។ ក្រុមហ៊ុននេះ បានផ្តល់ជូននូវម៉ាកផលិតផលជាច្រើនរបស់ក្រុមហ៊ុនធំៗដូចជា៖ Wirtgen គ្រុប Vogele, Hamm, Kleemann, Benninghoven និង Ciber៕
- Video Advertisement -